1. គ្រានោះ មេទ័ពទាំងប៉ុន្មាន និងយ៉ូហាណាន ជាកូនការា ហើយយេសានា ជាកូនហូសាយ៉ា ព្រមទាំងបណ្តាជនទាំងអស់ ចាប់តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុត គេក៏ចូលមកជិត
2. ហើយគេនិយាយនឹងហោរាយេរេមាថា សូមឲ្យលោកមេត្តាស្តាប់សេចក្តី ដែលយើងខ្ញុំអង្វរដល់លោក ហើយសូមអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃលោកឲ្យយើងខ្ញុំផង គឺឲ្យពួកមនុស្សដែលសល់នៅទាំងនេះ ដ្បិតយើងខ្ញុំដែលមានគ្នាច្រើន បានសល់នៅតែបន្តិចទេ ដូចជាលោកឃើញស្រាប់
3. ដើម្បីឲ្យព្រះយេហូវ៉ា ជាព្រះនៃលោក បានបង្ហាញផ្លូវដែលយើងខ្ញុំត្រូវដើរ និងការដែលត្រូវធ្វើ
4. ហោរាយេរេមាក៏ឆ្លើយតបថា ខ្ញុំបានឮហើយ មើល ខ្ញុំនឹងអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា តាមពាក្យសំណូមរបស់អ្នករាល់គ្នា ហើយសេចក្តីអ្វីដែលព្រះយេហូវ៉ាទ្រង់ឆ្លើយមក នោះខ្ញុំនឹងឲ្យអ្នករាល់គ្នាដឹង ឥតលាក់លៀបអ្វីនឹងអ្នករាល់គ្នាឡើយ
5. ដូច្នេះ គេជំរាបយេរេមាថា បើយើងខ្ញុំមិនធ្វើតាមគ្រប់ទាំងសេចក្តី ដែលព្រះយេហូវ៉ា ជាព្រះនៃលោក នឹងចាត់លោកមកប្រាប់ដល់យើងខ្ញុំ នោះសូមឲ្យព្រះយេហូវ៉ាទ្រង់ជាសាក្សីពិត ហើយស្មោះត្រង់ទាស់នឹងយើងខ្ញុំចុះ
6. ទោះបើជាការល្អ ឬអាក្រក់ក្តី គង់តែយើងខ្ញុំនឹងស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំឲ្យលោកទៅសួរដល់ទ្រង់នោះ ដើម្បីឲ្យយើងខ្ញុំរាល់គ្នាបានសេចក្តីសុខ ដោយស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ។