14. ដូច្នេះ ពួកជនដែលអ៊ីសម៉ាអែលបានចាប់ពីមីសប៉ាដឹកនាំទៅជាឈ្លើយទាំងប៉ុន្មាន គេក៏វិលត្រឡប់មកខាងយ៉ូហាណាន ជាកូនការាវិញ
15. ប៉ុន្តែអ៊ីសម៉ាអែលជាកូននេថានា គេចរួចពីយ៉ូហាណាន ទៅឯពួកកូនចៅអាំម៉ូនទៅ ហើយមាន៨នាក់ទៅជាមួយ
16. លំដាប់នោះយ៉ូហាណាន ជាកូនការា និងពួកមេទ័ពដែលនៅជាមួយគេក៏នាំយកសំណល់ជនពីមីសប៉ាទៅ គឺជាពួកអ្នកដែលបានដោះឲ្យរួចពីអ៊ីសម៉ាអែល ជាកូននេថានាមក ក្រោយដែលវាបានសំឡាប់កេដាលា ជាកូនអ័ហ៊ីកាមហើយ គឺបាននាំទាំងពួកទាហាន ពួកស្រីៗ និងកូនក្មេង ហើយពួកមនុស្សគំរៀវដែលបាននាំត្រឡប់មកពីគីបៀនវិញ
17. គេក៏ចេញទៅអាស្រ័យនៅត្រង់ទីសំណាក់របស់គីមហាំ ដែលនៅជិតបេថ្លេហិម ដើម្បីនឹងចូលទៅក្នុងស្រុកអេស៊ីព្ទ
18. ពីព្រោះគេខ្លាចពួកខាល់ដេ ដោយព្រោះអ៊ីសម៉ាអែល ជាកូននេថានា បានសំឡាប់កេដាលា ជាកូនអ័ហ៊ីកាម ជាអ្នកដែលស្តេចបាប៊ីឡូនតាំងឡើង ជាចៅហ្វាយលើស្រុក។