1. លុះដល់ខែអស្សុជ នោះអ៊ីសម៉ាអែល ជាកូននេថានា ដែលជាកូនអេលីសាម៉ា ក្នុងវង្សាស្តេច ហើយជានាយកធំម្នាក់របស់ស្តេច ព្រមទាំង១០នាក់ឯទៀត ក៏មកឯកេដាលាជាកូនអ័ហ៊ីកាម នៅត្រង់មីសប៉ា ហើយគេបានបរិភោគអាហារជាមួយគ្នានៅទីនោះ
2. រួចអ៊ីសម៉ាអែល ជាកូននេថានា និង១០នាក់ដែលនៅជាមួយ ក៏ក្រោកឡើងប្រហារកេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផានដោយដាវទៅ គឺគេសំឡាប់អ្នកដែលស្តេចបាប៊ីឡូនបានតាំងឡើង ធ្វើជាចៅហ្វាយលើស្រុកនោះ
3. អ៊ីសម៉ាអែលក៏សំឡាប់ពួកយូដាទាំងអស់ ដែលនៅជាមួយនឹងកេដាលាត្រង់មីសប៉ាដែរ ព្រមទាំងពួកខាល់ដេ ជាទាហានដែលនៅទីនោះផង។
4. ដល់កន្លងបាន២ថ្ងៃក្រោយ ដែលសំឡាប់កេដាលាហើយ ឥតមានអ្នកណាដឹងសោះ
5. នោះមានមនុស្សមកពីស៊ីគែម ស៊ីឡូរ និងសាម៉ារី ចំនួន៨០នាក់ គេបានកោរពុកចង្កា ព្រមទាំងហែកអាវ ហើយអារសាច់ខ្លួន ក៏កាន់ដង្វាយម្សៅ និងកំញាន ដើម្បីនាំយកទៅឯព្រះវិហារនៃព្រះយេហូវ៉ា
6. ឯអ៊ីសម៉ាអែល ជាកូននេថានា ក៏ចេញពីមីសប៉ាទៅទទួលគេទាំងយំបណ្តើរ កាលបានទៅដល់គេហើយ នោះក៏និយាយថា សូមទៅឯកេដាលា ជាកូនអ័ហ៊ីកាម
7. រួចកាលគេបានចូលទៅក្នុងទីក្រុងហើយ នោះអ៊ីសម៉ាអែល ជាកូននេថានា នឹងពួកអ្នកដែលនៅជាមួយក៏សំឡាប់គេបោះចោលទៅក្នុងរណ្តៅ
8. ប៉ុន្តែមាន១០នាក់ក្នុងពួកគេ ដែលអង្វរដល់អ៊ីសម៉ាអែលថា សូមកុំសំឡាប់យើងខ្ញុំឡើយ ពីព្រោះយើងខ្ញុំមានស្បៀងអាហារ ជាស្រូវសាលី ស្រូវឱក ប្រេង និងទឹកឃ្មុំកប់ទុកនៅចំការ ដូច្នេះអ៊ីសម៉ាអែលក៏អាក់ខាន មិនបានសំឡាប់អ្នកទាំងនោះ ជាមួយនឹងបងប្អូនគេទេ