3. ហើយព្រះយេហូវ៉ាបាននាំការនេះមក ព្រមទាំងសំរេចតាមព្រះបន្ទូលទ្រង់ផង ពីព្រោះឯងរាល់គ្នាបានធ្វើបាបនឹងទ្រង់ ហើយមិនបានស្តាប់តាមព្រះបន្ទូលទ្រង់ឡើយ ហេតុនោះបានជាការនេះកើតដល់ឯងរាល់គ្នា
4. ដូច្នេះមើល នៅថ្ងៃនេះខ្ញុំដោះច្រវាក់ពីដៃអ្នកចេញ បើសិនជាអ្នកចូលចិត្តទៅឯស្រុកបាប៊ីឡូនជាមួយនឹងខ្ញុំ ក៏ចូលមកចុះ ខ្ញុំនឹងទំនុកបំរុងអ្នកដោយល្អ តែបើមិនគាប់ចិត្តនឹងទៅឯស្រុកបាប៊ីឡូនជាមួយនឹងខ្ញុំទេ នោះតាមតែចិត្តចុះ មើល ស្រុកទាំងមូលនៅមុខអ្នកហើយ នៅកន្លែងណាដែលអ្នកគិតឃើញថាស្រួល ហើយគួរឲ្យអ្នកទៅ នោះឲ្យអ្នកទៅចុះ
5. រីឯកាលលោកកំពុងកន្ទះរានៅឡើយ នោះមេទ័ពធំប្រាប់ថា ចូរអ្នកវិលទៅឯកេដាលាជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ជាអ្នកដែលស្តេចបាប៊ីឡូនបានតាំង ឲ្យត្រួតត្រាលើទីក្រុងស្រុកយូដាទាំងប៉ុន្មាន ហើយឲ្យនៅជាមួយនឹងលោកកណ្តាលបណ្តាជនចុះ ឬឲ្យទៅឯកន្លែងណា តាមដែលចិត្តគិតឃើញថាគួរនោះមេទ័ពធំ ក៏ចែកស្បៀងអាហារឲ្យ ព្រមទាំងឲ្យរង្វាន់រួចលែងឲ្យទៅ
6. ដូច្នេះ យេរេមាក៏ទៅឯកេដាលា ជាកូនអ័ហ៊ីកាមនៅត្រង់មីសប៉ា ហើយអាស្រ័យនៅជាមួយ នៅកណ្តាលបណ្តាជនដែលសល់នៅក្នុងស្រុក។
7. រីឯពួកមេទ័ពទាំងប៉ុន្មាន ដែលពួននៅស្រុកស្រែចំការ ព្រមទាំងពួកទាហានរបស់គេ កាលបានឮថា ស្តេចបាប៊ីឡូនបានតាំងកេដាលា ជាកូនអ័ហ៊ីកាមឡើងជាចៅហ្វាយលើស្រុក ហើយបានផ្ទុកផ្តាក់មនុស្សទាំងប្រុសទាំងស្រី និងកូនក្មេងជាអ្នកក្រីក្របំផុតក្នុងស្រុក ដែលមិនបានដឹកទៅជាឈ្លើយ ដល់ស្រុកបាប៊ីឡូន ឲ្យនៅក្នុងអំណាចលោក
8. នោះគេក៏មកឯកេដាលា ត្រង់មីសប៉ា គឺមានអ៊ីសម៉ាអែល ជាកូននេថានា យ៉ូហាណាន និងយ៉ូណាថានជាកូនការា សេរ៉ាយ៉ា ជាកូនថានហ៊ូមែត និងពួកកូនរបស់អេផាយ ពីស្រុកនថូផា ហើយយេសានា ជាកូនរបស់ម្នាក់នៅម៉ាកាធី ព្រមទាំងពួកទាហានរបស់គេផង
9. នោះកេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ក៏ស្បថនឹងមេទ័ពទាំងនោះ ហើយនឹងទាហានរបស់គេ ដោយពាក្យថា កុំឲ្យខ្លាចនឹងបំរើពួកខាល់ដេឡើយ ចូរអាស្រ័យនៅក្នុងស្រុកនេះ ហើយបំរើដល់ស្តេចបាប៊ីឡូនចុះ នោះអ្នករាល់គ្នានឹងបានសេចក្តីសុខ
10. ឯចំណែកខ្ញុំ មើល ខ្ញុំនឹងនៅត្រង់មីសប៉ា ដើម្បីនឹងធ្វើជាអ្នកដំណាង នៅមុខពួកខាល់ដេណា ដែលនឹងមកឯយើងរាល់គ្នា តែអ្នករាល់គ្នាវិញ ចូរទៅប្រមូលផលទំពាំងបាយជូរ និងផលរដូវក្តៅ ព្រមទាំងប្រេងដាក់ទុក ក្នុងភាជនៈរបស់អ្នករាល់គ្នាទៅ ហើយឲ្យនៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលអ្នករាល់គ្នាចាប់បាននោះ
11. មួយទៀត ពួកយូដាទាំងប៉ុន្មាន ដែលនៅស្រុកម៉ូអាប់ និងនៅកណ្តាលពួកកូនចៅអាំម៉ូន ហើយនៅស្រុកអេដំម ព្រមទាំងនៅគ្រប់ទាំងស្រុកផ្សេងៗទៀតផង កាលបានឮថា ស្តេចបាប៊ីឡូនបានទុកសំណល់ពួកយូដាឲ្យសល់នៅ ហើយបានតាំងកេដាលា ជាកូនអ័ហ៊ីកាមដែលជាកូនសាផាន ឲ្យត្រួតត្រាលើគេ
12. នោះពួកយូដាទាំងនោះ ក៏ចេញពីគ្រប់ទីកន្លែងដែលគេត្រូវបណ្តេញទៅវិលមកក្នុងស្រុកយូដា ដល់កេដាលាត្រង់មីសប៉ា ហើយគេក៏ប្រមូលផលទំពាំងបាយជូរ និងផលរដូវក្តៅជាច្រើនណាស់។
13. រីឯយ៉ូហាណាន ជាកូនការា និងពួកមេទ័ពទាំងប៉ុន្មាន ដែលពួននៅស្រុកស្រែចំការ គេក៏មកឯកេដាលានៅត្រង់មីសប៉ា