យេរេមា 4:9-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ​ព្រះ‌ទ័យ​នៃ​ស្តេច និង​ចិត្ត​របស់​ពួក​ចៅ‌ហ្វាយ នឹង​រលត់​សូន្យ​ទៅ ឯ​ពួក​សង្ឃ​នឹង​ស្រឡាំង‌កាំង​នៅ ហើយ​ពួក​ហោរា​នឹង​នឹក​ប្លែក​ដែរ។

10. នោះ​ខ្ញុំ​បាន​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ពិត​ប្រាកដ​ជា​ទ្រង់​បាន​បញ្ឆោត​ជន‌ជាតិ​នេះ ព្រម​ទាំង​ក្រុង​យេរូ‌សាឡិម​ជា​ខ្លាំង​ហើយ ដោយ​ព្រះ‌បន្ទូល​ថា នឹង​មាន​សេចក្តី​សុខ​ដល់​ឯង​រាល់​គ្នា តែ​មាន​ដាវ​លូក​មក​រក​ជីវិត​គេ​វិញ។

11. នៅ​គ្រា​នោះ នឹង​មាន​សេចក្តី​ប្រាប់​ដល់​ជន‌ជាតិ​នេះ ហើយ​ដល់​ក្រុង​យេរូ‌សាឡិម​ថា មាន​ខ្យល់​ក្តៅ​បក់​មក​ពី​ទី​ខ្ពស់​ត្រងិល​នៅ​ទី​រហោ‌ស្ថាន ទៅ​ខាង​កូន​ស្រី​របស់​រាស្ត្រ​អញ មិន​មែន​សំរាប់​រោយ​ស្រូវ​ទេ ក៏​មិន​មែន​សំរាប់​សំអាត​ដែរ

12. គឺ​ជា​ខ្យល់​ពេញ​កំឡាំង​នឹង​មក​ជំនួស​អញ ឥឡូវ​នេះ អញ​នឹង​សំរេច​ទោស​ដល់​គេ

13. មើល អ្នក​នោះ​នឹង​ឡើង​មក​ដូច​ជា​ពពក ហើយ​រទេះ​ចំបាំង​របស់​គេ នឹង​ដូច​ជា​ខ្យល់​កួច ឯ​សេះ​របស់​គេ​ក៏​លឿន​ជាង​សត្វ​ឥន្ទ្រី វរ‌ហើយ​យើង ដ្បិត​យើង​ត្រូវ​វិនាស​ហើយ

14. ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​លាង​ចិត្ត​ឯង​ឲ្យ​ជ្រះ​ចេញ​ពី​សេចក្តី​ទុច្ចរិត​ចុះ ដើម្បី​ឲ្យ​ឯង​បាន​សង្គ្រោះ តើ​គំនិត​អាក្រក់​នឹង​ចេះ​តែ​នៅ​ជាប់​ក្នុង​ចិត្ត​ខ្លួន​ដល់​កាល​ណា​ទៀត

យេរេមា 4