6. ចូរលើកទង់ឡើងនៅខាងក្រុងស៊ីយ៉ូន ត្រូវឲ្យរត់ទៅ កុំបង្អង់ឡើយ ពីព្រោះអញនឹងនាំសេចក្តីអាក្រក់មកពីទិសខាងជើង ព្រមទាំងការបំផ្លាញយ៉ាងធំផង
7. មានសត្វសិង្ហ១បានឡើងចេញពីព្រៃស្តុករបស់វាមក ជាមេបំផ្លាញនគរផ្សេងៗ វាកំពុងតែមកតាមផ្លូវ វាបានចេញពីកន្លែងរបស់វាមកហើយ ដើម្បីនឹងបំផ្លាញស្រុកឯង ហើយឲ្យទីក្រុងទាំងប៉ុន្មានរបស់ឯង ត្រូវបែកបាក់ចោល ឥតមានអ្នកណានៅ
8. ហេតុនេះ ចូរឲ្យឯងរាល់គ្នាស្លៀកសំពត់ធ្មៃ ព្រមទាំងទួញទំនួញ ហើយទ្រហោយំចុះ ដ្បិតសេចក្តីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ា មិនបានបែរចេញពីយើងរាល់គ្នាទេ
9. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅគ្រានោះព្រះទ័យនៃស្តេច និងចិត្តរបស់ពួកចៅហ្វាយ នឹងរលត់សូន្យទៅ ឯពួកសង្ឃនឹងស្រឡាំងកាំងនៅ ហើយពួកហោរានឹងនឹកប្លែកដែរ។
10. នោះខ្ញុំបានទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ ពិតប្រាកដជាទ្រង់បានបញ្ឆោតជនជាតិនេះ ព្រមទាំងក្រុងយេរូសាឡិមជាខ្លាំងហើយ ដោយព្រះបន្ទូលថា នឹងមានសេចក្តីសុខដល់ឯងរាល់គ្នា តែមានដាវលូកមករកជីវិតគេវិញ។
11. នៅគ្រានោះ នឹងមានសេចក្តីប្រាប់ដល់ជនជាតិនេះ ហើយដល់ក្រុងយេរូសាឡិមថា មានខ្យល់ក្តៅបក់មកពីទីខ្ពស់ត្រងិលនៅទីរហោស្ថាន ទៅខាងកូនស្រីរបស់រាស្ត្រអញ មិនមែនសំរាប់រោយស្រូវទេ ក៏មិនមែនសំរាប់សំអាតដែរ
12. គឺជាខ្យល់ពេញកំឡាំងនឹងមកជំនួសអញ ឥឡូវនេះ អញនឹងសំរេចទោសដល់គេ
13. មើល អ្នកនោះនឹងឡើងមកដូចជាពពក ហើយរទេះចំបាំងរបស់គេ នឹងដូចជាខ្យល់កួច ឯសេះរបស់គេក៏លឿនជាងសត្វឥន្ទ្រី វរហើយយើង ដ្បិតយើងត្រូវវិនាសហើយ
14. ឱក្រុងយេរូសាឡិមអើយ ចូរលាងចិត្តឯងឲ្យជ្រះចេញពីសេចក្តីទុច្ចរិតចុះ ដើម្បីឲ្យឯងបានសង្គ្រោះ តើគំនិតអាក្រក់នឹងចេះតែនៅជាប់ក្នុងចិត្តខ្លួនដល់កាលណាទៀត
15. ដ្បិតមានសំឡេង១បន្លឺចេញពីស្រុកដាន់ ក៏ចេញពីស្រុកភ្នំអេប្រាអិមមកប្រកាសពីការអាក្រក់
16. ចូរដំណាលប្រាប់ដល់អស់ទាំងសាសន៍ឲ្យដឹង នែ ចូរប្រកាសប្រាប់ទាស់នឹងក្រុងយេរូសាឡិមថា មានពួកទ័ពកំពុងតែមកពីស្រុកឆ្ងាយ ដើម្បីឡោមព័ទ្ធឯង គេស្រែកទាស់នឹងទីក្រុងស្រុកយូដាទាំងប៉ុន្មាន
17. គេនៅព័ទ្ធជុំវិញទីក្រុង ដូចជាពួករក្សាចំការ ពីព្រោះពួកក្រុងបានបះបោរនឹងអញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
18. គឺជាផ្លូវដែលឯងប្រព្រឹត្ត និងអំពើរបស់ឯង ដែលបាននាំការទាំងនេះមកលើឯង នេះគឺជាសំណងនៃអំពើទុច្ចរិតរបស់ឯង ពិតប្រាកដជាជូរចត់ណាស់ ពីព្រោះការនេះលូកមកប៉ះពាល់ដល់ចិត្តឯងហើយ។