9. រួចមកនេប៊ូសារ៉ាដាន ជាមេទ័ពធំ លោកដឹកនាំសំណល់ពួកបណ្តាជនដែលនៅក្នុងទីក្រុង និងពួកអ្នកដែលរវាតទៅខាងលោក ព្រមទាំងសំណល់នៃប្រជាជនទាំងឡាយទៅជាឈ្លើយ ដល់ស្រុកបាប៊ីឡូន
10. តែនេប៊ូសារ៉ាដាន ជាមេទ័ពធំ លោកទុកពួកអ្នកក្រីក្រក្នុងបណ្តាជន ជាពួកអ្នកដែលគ្មានអ្វីសោះ ឲ្យនៅក្នុងស្រុកយូដា ហើយនៅគ្រានោះក៏ចែកដំណាំទំពាំងបាយជូរ និងចំការឲ្យដល់គេផង។
11. រីឯនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ទ្រង់បានបង្គាប់នេប៊ូសារ៉ាដាន ជាមេទ័ពធំ ពីដំណើរយេរេមាថា
12. ចូរយកយេរេមាទៅទំនុកបំរុងដោយល្អផង កុំឲ្យធ្វើបាបដល់លោកឡើយ គឺត្រូវឲ្យប្រព្រឹត្តនឹងលោកតាមដែលលោកប្រាប់ចុះ
13. ដូច្នេះ នេប៊ូសារ៉ាដាន ជាមេទ័ពធំ ហើយនេប៊ូសាសបាន រ៉ាប-សារីស នើកាល-សារេស៊ើរ រាប-ម៉ាក់ ព្រមទាំងចៅហ្វាយធំៗទាំងអស់របស់ស្តេចបាប៊ីឡូន
14. ក៏ចាត់គេឲ្យទៅយកយេរេមាពីទីលានគុក មកប្រគល់ដល់កេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ឲ្យបាននាំលោកទៅឯផ្ទះខ្លួន យ៉ាងនោះលោកបាននៅជាមួយនឹងពួកជន។
15. រីឯកាលយេរេមា កំពុងជាប់នៅក្នុងទីលានគុកនៅឡើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកថា
16. ចូរទៅប្រាប់អេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពី ដូច្នេះ គឺថាព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងនាំអស់ទាំងពាក្យរបស់អញមកលើក្រុងនេះ ឲ្យបានសេចក្តីអាក្រក់មិនមែនជាសេចក្តីល្អទេ ពាក្យទាំងនោះនឹងបានសំរេចនៅមុខឯងក្នុងថ្ងៃនោះ
17. តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងជួយឯងឲ្យរួចនៅថ្ងៃនោះ ហើយឯងមិនត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកមនុស្សនោះ ដែលឯងខ្លាចឡើយ