8. នោះអេបេឌ-មេលេកក៏ចេញពីព្រះរាជវាំងទៅទូលស្តេចថា
9. ឱព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ ក្នុងការទាំងប៉ុន្មានដែលមនុស្សទាំងនេះបានធ្វើដល់ហោរាយេរេមា គឺដែលគេបានដាក់លោកឲ្យនៅក្នុងគុកងងឹត នោះជាការអាក្រក់ណាស់ ដ្បិតមុខជាលោកនឹងស្លាប់នៅទីនោះ ដោយព្រោះអំណត់ជាមិនខាន ពីព្រោះគ្មានអាហារនៅក្នុងទីក្រុងទៀតទេ
10. ដូច្នេះ ស្តេចទ្រង់បង្គាប់អេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពីថា ចូរនាំយកមនុស្ស៣០នាក់ពីទីនេះទៅជាមួយនឹងឯង ហើយស្រង់ហោរាយេរេមាចេញពីគុកងងឹតមក ក្រែងលោកស្លាប់
11. អេបេឌ-មេលេកក៏នាំយកមនុស្សទាំងនោះ ទៅជាមួយចូលទៅខាងក្រោមឃ្លាំងក្នុងព្រះរាជវាំង ក៏យកកំណាត់ចាស់ៗ និងអាវរយ៉ីរយ៉ៃទៅសំរូតចុះដល់យេរេមានៅក្នុងគុកងងឹត
12. រួចអេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពី ក៏ប្រាប់យេរេមាថា សូមទ្រាប់កំណាត់ចាស់ និងអាវរយ៉ីរយ៉ៃទាំងនេះ នៅក្រោមក្លៀកលោកពីក្រោមខ្សែពួរទៅ យេរេមាក៏ធ្វើដូច្នោះ
13. រួចគេយោងទាញយេរេមាឡើងរួចពីគុកងងឹតមក ហើយលោកបាននៅជាប់ក្នុងទីលានគុកវិញ។
14. គ្រានោះ ស្តេចសេដេគាទ្រង់ចាត់គេទៅនាំហោរាយេរេមាមកឯទ្រង់ នៅត្រង់ទ្វារទី៣ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ស្តេចទ្រង់មានព្រះបន្ទូលដល់យេរេមាថា យើងចង់សួរបន្តិច កុំឲ្យលាក់អ្វីនឹងយើងឡើយ
15. ដូច្នេះ យេរេមាលោកទូលដល់សេដេគាថា បើសិនជាទូលបង្គំទូលទ្រង់ឲ្យបានជ្រាប នោះតើទ្រង់មិនសំឡាប់ទូលបង្គំជាប្រាកដទេឬ ហើយបើទូលបង្គំទូន្មានទ្រង់ នោះទ្រង់ក៏មិនព្រមស្តាប់តាមដែរ
16. នោះស្តេចសេដេគាទ្រង់ស្បថឲ្យយេរេមាដោយសំងាត់ថា ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ ដែលទ្រង់បានបង្កើតព្រលឹងឲ្យយើងនេះ នោះប្រាកដជាយើងមិនសំឡាប់ ឬប្រគល់អ្នកទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលរកជីវិតអ្នកឡើយ។
17. រួចយេរេមាទូលដល់សេដេគាថា ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ បើទ្រង់យាងចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូន នោះទ្រង់នឹងគង់ព្រះជន្មនៅ ហើយទីក្រុងនេះក៏មិនត្រូវដុតនឹងភ្លើងដែរ គឺទ្រង់ និងពួកវង្សាទ្រង់នឹងបានរួចជីវិត
18. ប៉ុន្តែបើទ្រង់មិនព្រមចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូនទេ នោះទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ ហើយគេនឹងដុតចោល ឯទ្រង់ក៏មិនរួចពីកណ្តាប់ដៃគេដែរ
19. ស្តេចសេដេគា ទ្រង់មានព្រះបន្ទូលនឹងយេរេមាថា យើងខ្លាចពួកសាសន៍យូដា ដែលរវាតចូលទៅខាងពួកខាល់ដេ ហើយក្រែងសាសន៍ខាល់ដេប្រគល់យើង ទៅក្នុងកណ្តាប់ដៃគេហើយគេត្មះតិះដៀលយើង
20. តែយេរេមាទូលតបថា គេនឹងមិនប្រគល់ទ្រង់ទៅទេ ទូលបង្គំអង្វរទ្រង់ សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា តាមសេចក្តីដែលទូលបង្គំទូលដល់ទ្រង់ចុះ នោះទ្រង់នឹងបានសេចក្តីសុខ ហើយនឹងមានព្រះជន្មនៅ
21. តែបើសិនជាទ្រង់មិនព្រមយាងចេញទៅទេ នោះព្រះយេហូវ៉ា ទ្រង់បានសំដែងសេចក្តីនេះមក ឲ្យទូលបង្គំឃើញថា
22. មើល ពួកស្រីៗទាំងប៉ុន្មាន ដែលសល់នៅក្នុងដំណាក់របស់ស្តេចយូដា នឹងត្រូវនាំចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូន ហើយស្រីៗទាំងនោះនឹងពោលថា ពួកជំនិតរបស់ទ្រង់បានបញ្ឆោតទ្រង់ ហើយក៏ឈ្នះទ្រង់ផង ឥឡូវនេះ ដែលព្រះបាទទ្រង់ផុងជាប់ទៅក្នុងភក់ហើយ នោះគេបានងាកចេញពីទ្រង់ទៅ
23. គេនឹងនាំភរិយា និងព្រះរាជបុត្ររបស់ទ្រង់ទាំងប៉ុន្មាន ចេញទៅឯពួកខាល់ដេ ហើយអង្គទ្រង់ក៏មិនរួចពីកណ្តាប់ដៃគេដែរ គឺដៃស្តេចបាប៊ីឡូននឹងចាប់ទ្រង់បាន ហើយទ្រង់នឹងជាហេតុឲ្យទីក្រុងនេះត្រូវឆេះដោយភ្លើង។
24. នោះសេដេគា ទ្រង់មានព្រះបន្ទូលដល់យេរេមាថា កុំឲ្យអ្នកណាដឹងពីពាក្យទាំងនេះឡើយ នោះអ្នកមិនត្រូវស្លាប់ទេ
25. ប៉ុន្តែបើពួកចៅហ្វាយឮថា យើងបាននិយាយនឹងអ្នក ហើយគេមកឯអ្នកដោយពាក្យថា ចូរប្រាប់យើងពីសេចក្តីដែលអ្នកបានទូលដល់ស្តេចមក កុំឲ្យលាក់អ្វីពីយើងឲ្យសោះ នោះយើងនឹងមិនឲ្យអ្នកត្រូវស្លាប់ទេ ហើយប្រាប់ យើង ពីសេចក្តីដែលស្តេចបានមានព្រះបន្ទូលដល់អ្នកដែរ
26. យ៉ាងនោះត្រូវឲ្យអ្នកប្រាប់ដល់គេថា ខ្ញុំបានគ្រាន់តែទូលអង្វរស្តេច សូមកុំឲ្យខ្ញុំត្រូវវិលត្រឡប់ទៅក្នុងផ្ទះយ៉ូណាថាន ឲ្យស្លាប់នៅទីនោះប៉ុណ្ណោះទេ