8. នោះអេបេឌ-មេលេកក៏ចេញពីព្រះរាជវាំងទៅទូលស្តេចថា
9. ឱព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ ក្នុងការទាំងប៉ុន្មានដែលមនុស្សទាំងនេះបានធ្វើដល់ហោរាយេរេមា គឺដែលគេបានដាក់លោកឲ្យនៅក្នុងគុកងងឹត នោះជាការអាក្រក់ណាស់ ដ្បិតមុខជាលោកនឹងស្លាប់នៅទីនោះ ដោយព្រោះអំណត់ជាមិនខាន ពីព្រោះគ្មានអាហារនៅក្នុងទីក្រុងទៀតទេ
10. ដូច្នេះ ស្តេចទ្រង់បង្គាប់អេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពីថា ចូរនាំយកមនុស្ស៣០នាក់ពីទីនេះទៅជាមួយនឹងឯង ហើយស្រង់ហោរាយេរេមាចេញពីគុកងងឹតមក ក្រែងលោកស្លាប់
11. អេបេឌ-មេលេកក៏នាំយកមនុស្សទាំងនោះ ទៅជាមួយចូលទៅខាងក្រោមឃ្លាំងក្នុងព្រះរាជវាំង ក៏យកកំណាត់ចាស់ៗ និងអាវរយ៉ីរយ៉ៃទៅសំរូតចុះដល់យេរេមានៅក្នុងគុកងងឹត
12. រួចអេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពី ក៏ប្រាប់យេរេមាថា សូមទ្រាប់កំណាត់ចាស់ និងអាវរយ៉ីរយ៉ៃទាំងនេះ នៅក្រោមក្លៀកលោកពីក្រោមខ្សែពួរទៅ យេរេមាក៏ធ្វើដូច្នោះ
13. រួចគេយោងទាញយេរេមាឡើងរួចពីគុកងងឹតមក ហើយលោកបាននៅជាប់ក្នុងទីលានគុកវិញ។
14. គ្រានោះ ស្តេចសេដេគាទ្រង់ចាត់គេទៅនាំហោរាយេរេមាមកឯទ្រង់ នៅត្រង់ទ្វារទី៣ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ស្តេចទ្រង់មានព្រះបន្ទូលដល់យេរេមាថា យើងចង់សួរបន្តិច កុំឲ្យលាក់អ្វីនឹងយើងឡើយ
15. ដូច្នេះ យេរេមាលោកទូលដល់សេដេគាថា បើសិនជាទូលបង្គំទូលទ្រង់ឲ្យបានជ្រាប នោះតើទ្រង់មិនសំឡាប់ទូលបង្គំជាប្រាកដទេឬ ហើយបើទូលបង្គំទូន្មានទ្រង់ នោះទ្រង់ក៏មិនព្រមស្តាប់តាមដែរ
16. នោះស្តេចសេដេគាទ្រង់ស្បថឲ្យយេរេមាដោយសំងាត់ថា ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ ដែលទ្រង់បានបង្កើតព្រលឹងឲ្យយើងនេះ នោះប្រាកដជាយើងមិនសំឡាប់ ឬប្រគល់អ្នកទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលរកជីវិតអ្នកឡើយ។
17. រួចយេរេមាទូលដល់សេដេគាថា ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ បើទ្រង់យាងចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូន នោះទ្រង់នឹងគង់ព្រះជន្មនៅ ហើយទីក្រុងនេះក៏មិនត្រូវដុតនឹងភ្លើងដែរ គឺទ្រង់ និងពួកវង្សាទ្រង់នឹងបានរួចជីវិត
18. ប៉ុន្តែបើទ្រង់មិនព្រមចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូនទេ នោះទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ ហើយគេនឹងដុតចោល ឯទ្រង់ក៏មិនរួចពីកណ្តាប់ដៃគេដែរ
19. ស្តេចសេដេគា ទ្រង់មានព្រះបន្ទូលនឹងយេរេមាថា យើងខ្លាចពួកសាសន៍យូដា ដែលរវាតចូលទៅខាងពួកខាល់ដេ ហើយក្រែងសាសន៍ខាល់ដេប្រគល់យើង ទៅក្នុងកណ្តាប់ដៃគេហើយគេត្មះតិះដៀលយើង