យេរេមា 38:5-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ស្តេច​សេដេគា​មាន​ព្រះ‌បន្ទូល​តប​ថា មើល វា​នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​រាល់​គ្នា​ហើយ ដ្បិត​ស្តេច​មិន​អាច​នឹង​ធ្វើ​អ្វី ទាស់​ទទឹង​នឹង​អ្នក​រាល់​គ្នា​បាន​ទេ

6. នោះ​គេ​ក៏​ចាប់​យក​យេរេមា​ទៅ​ដាក់​ក្នុង​គុក​ងងឹត​របស់​ម៉ាលគា ជា​កូន​ហាម៉ាលេក ដែល​នៅ​ទីលាន​គុក គេ​យក​ខ្សែ​សំរូត​យេរេមា​ចុះ​ទៅ រីឯ​នៅ​ក្នុង​គុក​ងងឹត​នោះ​គ្មាន​ទឹក​ទេ មាន​សុទ្ធ​តែ​ភក់​វិញ ហើយ​យេរេមា​ក៏​ផុង​ទៅ​ក្នុង​ភក់​នោះ។

7. កាល​អេបេឌ-មេលេក ជា​មនុស្ស​គំរៀវ សាសន៍​អេធីយ៉ូពី ដែល​នៅ​ក្នុង​វាំង​ហ្លួង គាត់​បាន​ឮ​ថា គេ​ដាក់​យេរេមា​ក្នុង​គុក​ងងឹត​ដូច្នោះ (គ្រា​នោះ​ស្តេច​កំពុង​គង់​នៅ​ត្រង់​ទ្វារ​បេន‌យ៉ា‌មីន)

8. នោះ​អេបេឌ-មេលេក​ក៏​ចេញ​ពី​ព្រះ‌រាជ​វាំង​ទៅ​ទូល​ស្តេច​ថា

9. ឱ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ ក្នុង​ការ​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ទាំង​នេះ​បាន​ធ្វើ​ដល់​ហោរា​យេរេមា គឺ​ដែល​គេ​បាន​ដាក់​លោក​ឲ្យ​នៅ​ក្នុង​គុក​ងងឹត នោះ​ជា​ការ​អាក្រក់​ណាស់ ដ្បិត​មុខ​ជា​លោក​នឹង​ស្លាប់​នៅ​ទី​នោះ ដោយ​ព្រោះ​អំណត់​ជា​មិន​ខាន ពី​ព្រោះ​គ្មាន​អាហារ​នៅ​ក្នុង​ទី​ក្រុង​ទៀត​ទេ

10. ដូច្នេះ ស្តេច​ទ្រង់​បង្គាប់​អេបេឌ-មេលេក ជា​សាសន៍​អេធីយ៉ូពី​ថា ចូរ​នាំ​យក​មនុស្ស​៣០​នាក់​ពី​ទី​នេះ​ទៅ​ជា​មួយ​នឹង​ឯង ហើយ​ស្រង់​ហោរា​យេរេមា​ចេញ​ពី​គុក​ងងឹត​មក ក្រែង​លោក​ស្លាប់

11. អេបេឌ-មេលេក​ក៏​នាំ​យក​មនុស្ស​ទាំង​នោះ ទៅ​ជា​មួយ​ចូល​ទៅ​ខាង​ក្រោម​ឃ្លាំង​ក្នុង​ព្រះ‌រាជ​វាំង ក៏​យក​កំណាត់​ចាស់ៗ និង​អាវ​រយ៉ី‌រយ៉ៃ​ទៅ​សំរូត​ចុះ​ដល់​យេរេមា​នៅ​ក្នុង​គុក​ងងឹត

12. រួច​អេបេឌ-មេលេក ជា​សាសន៍​អេធីយ៉ូពី ក៏​ប្រាប់​យេរេមា​ថា សូម​ទ្រាប់​កំណាត់​ចាស់ និង​អាវ​រយ៉ី‌រយ៉ៃ​ទាំង​នេះ នៅ​ក្រោម​ក្លៀក​លោក​ពី​ក្រោម​ខ្សែពួរ​ទៅ យេរេមា​ក៏​ធ្វើ​ដូច្នោះ

យេរេមា 38