4. ដូច្នេះ ពួកចៅហ្វាយទាំងប៉ុន្មាន ក៏ទូលស្តេចថា សូមទ្រង់អនុញ្ញាតឲ្យមនុស្សនេះត្រូវទោសដល់ស្លាប់ចុះ ពីព្រោះវានាំឲ្យពួកទាហានដែលសល់នៅក្នុងទីក្រុង និងពួកបណ្តាជនទាំងឡាយខ្សោយដៃទៅ ដោយពោលពាក្យយ៉ាងនេះដល់គេ ដ្បិតមនុស្សនេះមិនស្វែងរកសេចក្តីល្អ ដល់ជនជាតិនេះទេ គឺរកតែឲ្យគេបានអន្តរាយវិញ
5. ស្តេចសេដេគាមានព្រះបន្ទូលតបថា មើល វានៅក្នុងកណ្តាប់ដៃនៃអ្នករាល់គ្នាហើយ ដ្បិតស្តេចមិនអាចនឹងធ្វើអ្វី ទាស់ទទឹងនឹងអ្នករាល់គ្នាបានទេ
6. នោះគេក៏ចាប់យកយេរេមាទៅដាក់ក្នុងគុកងងឹតរបស់ម៉ាលគា ជាកូនហាម៉ាលេក ដែលនៅទីលានគុក គេយកខ្សែសំរូតយេរេមាចុះទៅ រីឯនៅក្នុងគុកងងឹតនោះគ្មានទឹកទេ មានសុទ្ធតែភក់វិញ ហើយយេរេមាក៏ផុងទៅក្នុងភក់នោះ។
7. កាលអេបេឌ-មេលេក ជាមនុស្សគំរៀវ សាសន៍អេធីយ៉ូពី ដែលនៅក្នុងវាំងហ្លួង គាត់បានឮថា គេដាក់យេរេមាក្នុងគុកងងឹតដូច្នោះ (គ្រានោះស្តេចកំពុងគង់នៅត្រង់ទ្វារបេនយ៉ាមីន)
8. នោះអេបេឌ-មេលេកក៏ចេញពីព្រះរាជវាំងទៅទូលស្តេចថា
9. ឱព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ ក្នុងការទាំងប៉ុន្មានដែលមនុស្សទាំងនេះបានធ្វើដល់ហោរាយេរេមា គឺដែលគេបានដាក់លោកឲ្យនៅក្នុងគុកងងឹត នោះជាការអាក្រក់ណាស់ ដ្បិតមុខជាលោកនឹងស្លាប់នៅទីនោះ ដោយព្រោះអំណត់ជាមិនខាន ពីព្រោះគ្មានអាហារនៅក្នុងទីក្រុងទៀតទេ
10. ដូច្នេះ ស្តេចទ្រង់បង្គាប់អេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពីថា ចូរនាំយកមនុស្ស៣០នាក់ពីទីនេះទៅជាមួយនឹងឯង ហើយស្រង់ហោរាយេរេមាចេញពីគុកងងឹតមក ក្រែងលោកស្លាប់
11. អេបេឌ-មេលេកក៏នាំយកមនុស្សទាំងនោះ ទៅជាមួយចូលទៅខាងក្រោមឃ្លាំងក្នុងព្រះរាជវាំង ក៏យកកំណាត់ចាស់ៗ និងអាវរយ៉ីរយ៉ៃទៅសំរូតចុះដល់យេរេមានៅក្នុងគុកងងឹត
12. រួចអេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពី ក៏ប្រាប់យេរេមាថា សូមទ្រាប់កំណាត់ចាស់ និងអាវរយ៉ីរយ៉ៃទាំងនេះ នៅក្រោមក្លៀកលោកពីក្រោមខ្សែពួរទៅ យេរេមាក៏ធ្វើដូច្នោះ
13. រួចគេយោងទាញយេរេមាឡើងរួចពីគុកងងឹតមក ហើយលោកបាននៅជាប់ក្នុងទីលានគុកវិញ។
14. គ្រានោះ ស្តេចសេដេគាទ្រង់ចាត់គេទៅនាំហោរាយេរេមាមកឯទ្រង់ នៅត្រង់ទ្វារទី៣ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ស្តេចទ្រង់មានព្រះបន្ទូលដល់យេរេមាថា យើងចង់សួរបន្តិច កុំឲ្យលាក់អ្វីនឹងយើងឡើយ