យេរេមា 38:14-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. គ្រា​នោះ ស្តេច​សេដេគា​ទ្រង់​ចាត់​គេ​ទៅ​នាំ​ហោរា​យេរេមា​មក​ឯ​ទ្រង់ នៅ​ត្រង់​ទ្វារ​ទី​៣​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​យេរេមា​ថា យើង​ចង់​សួរ​បន្តិច កុំ​ឲ្យ​លាក់​អ្វី​នឹង​យើង​ឡើយ

15. ដូច្នេះ យេរេមា​លោក​ទូល​ដល់​សេដេគា​ថា បើ​សិន​ជា​ទូល‌បង្គំ​ទូល​ទ្រង់​ឲ្យ​បាន​ជ្រាប នោះ​តើ​ទ្រង់​មិន​សំឡាប់​ទូល‌បង្គំ​ជា​ប្រាកដ​ទេ​ឬ ហើយ​បើ​ទូល‌បង្គំ​ទូន្មាន​ទ្រង់ នោះ​ទ្រង់​ក៏​មិន​ព្រម​ស្តាប់​តាម​ដែរ

16. នោះ​ស្តេច​សេដេគា​ទ្រង់​ស្បថ​ឲ្យ​យេរេមា​ដោយ​សំងាត់​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​បង្កើត​ព្រលឹង​ឲ្យ​យើង​នេះ នោះ​ប្រាកដ​ជា​យើង​មិន​សំឡាប់ ឬ​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​អ្នក​ឡើយ។

17. រួច​យេរេមា​ទូល​ដល់​សេដេគា​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ បើ​ទ្រង់​យាង​ចេញ​ទៅ​ឯ​ពួក​ចៅ‌ហ្វាយ​របស់​ស្តេច​បាប៊ីឡូន នោះ​ទ្រង់​នឹង​គង់​ព្រះ‌ជន្ម​នៅ ហើយ​ទី​ក្រុង​នេះ​ក៏​មិន​ត្រូវ​ដុត​នឹង​ភ្លើង​ដែរ គឺ​ទ្រង់ និង​ពួក​វង្សា​ទ្រង់​នឹង​បាន​រួច​ជីវិត

18. ប៉ុន្តែ​បើ​ទ្រង់​មិន​ព្រម​ចេញ​ទៅ​ឯ​ពួក​ចៅ‌ហ្វាយ​របស់​ស្តេច​បាប៊ីឡូន​ទេ នោះ​ទី​ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ ហើយ​គេ​នឹង​ដុត​ចោល ឯ​ទ្រង់​ក៏​មិន​រួច​ពី​កណ្តាប់​ដៃ​គេ​ដែរ

19. ស្តេច​សេដេគា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យេរេមា​ថា យើង​ខ្លាច​ពួក​សាសន៍​យូដា ដែល​រវាត​ចូល​ទៅ​ខាង​ពួក​ខាល់ដេ ហើយ​ក្រែង​សាសន៍​ខាល់ដេ​ប្រគល់​យើង ទៅ​ក្នុង​កណ្តាប់​ដៃ​គេ​ហើយ​គេ​ត្មះ‌តិះដៀល​យើង

20. តែ​យេរេមា​ទូល​តប​ថា គេ​នឹង​មិន​ប្រគល់​ទ្រង់​ទៅ​ទេ ទូល‌បង្គំ​អង្វរ​ទ្រង់ សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា តាម​សេចក្តី​ដែល​ទូល‌បង្គំ​ទូល​ដល់​ទ្រង់​ចុះ នោះ​ទ្រង់​នឹង​បាន​សេចក្តី​សុខ ហើយ​នឹង​មាន​ព្រះ‌ជន្ម​នៅ

21. តែ​បើ​សិន​ជា​ទ្រង់​មិន​ព្រម​យាង​ចេញ​ទៅ​ទេ នោះ​ព្រះ‌យេហូវ៉ា ទ្រង់​បាន​សំដែង​សេចក្តី​នេះ​មក ឲ្យ​ទូល‌បង្គំ​ឃើញ​ថា

22. មើល ពួក​ស្រីៗ​ទាំង​ប៉ុន្មាន ដែល​សល់​នៅ​ក្នុង​ដំណាក់​របស់​ស្តេច​យូដា នឹង​ត្រូវ​នាំ​ចេញ​ទៅ​ឯ​ពួក​ចៅ‌ហ្វាយ​របស់​ស្តេច​បាប៊ីឡូន ហើយ​ស្រីៗ​ទាំង​នោះ​នឹង​ពោល​ថា ពួក​ជំនិត​របស់​ទ្រង់​បាន​បញ្ឆោត​ទ្រង់ ហើយ​ក៏​ឈ្នះ​ទ្រង់​ផង ឥឡូវ​នេះ ដែល​ព្រះ‌បាទ​ទ្រង់​ផុង​ជាប់​ទៅ​ក្នុង​ភក់​ហើយ នោះ​គេ​បាន​ងាក​ចេញ​ពី​ទ្រង់​ទៅ

23. គេ​នឹង​នាំ​ភរិយា និង​ព្រះ‌រាជ​បុត្រ​របស់​ទ្រង់​ទាំង​ប៉ុន្មាន ចេញ​ទៅ​ឯ​ពួក​ខាល់ដេ ហើយ​អង្គ​ទ្រង់​ក៏​មិន​រួច​ពី​កណ្តាប់​ដៃ​គេ​ដែរ គឺ​ដៃ​ស្តេច​បាប៊ីឡូន​នឹង​ចាប់​ទ្រង់​បាន ហើយ​ទ្រង់​នឹង​ជា​ហេតុ​ឲ្យ​ទី​ក្រុង​នេះ​ត្រូវ​ឆេះ​ដោយ​ភ្លើង។

24. នោះ​សេដេគា ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​យេរេមា​ថា កុំ​ឲ្យ​អ្នក​ណា​ដឹង​ពី​ពាក្យ​ទាំង​នេះ​ឡើយ នោះ​អ្នក​មិន​ត្រូវ​ស្លាប់​ទេ

25. ប៉ុន្តែ​បើ​ពួក​ចៅ‌ហ្វាយ​ឮ​ថា យើង​បាន​និយាយ​នឹង​អ្នក ហើយ​គេ​មក​ឯ​អ្នក​ដោយ​ពាក្យ​ថា ចូរ​ប្រាប់​យើង​ពី​សេចក្តី​ដែល​អ្នក​បាន​ទូល​ដល់​ស្តេច​មក កុំ​ឲ្យ​លាក់​អ្វី​ពី​យើង​ឲ្យ​សោះ នោះ​យើង​នឹង​មិន​ឲ្យ​អ្នក​ត្រូវ​ស្លាប់​ទេ ហើយ​ប្រាប់ យើង ពី​សេចក្តី​ដែល​ស្តេច​បាន​មាន​ព្រះ‌បន្ទូល​ដល់​អ្នក​ដែរ

26. យ៉ាង​នោះ​ត្រូវ​ឲ្យ​អ្នក​ប្រាប់​ដល់​គេ​ថា ខ្ញុំ​បាន​គ្រាន់​តែ​ទូល‌អង្វរ​ស្តេច សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​វិល​ត្រឡប់​ទៅ​ក្នុង​ផ្ទះ​យ៉ូណា‌ថាន ឲ្យ​ស្លាប់​នៅ​ទី​នោះ​ប៉ុណ្ណោះ​ទេ

27. រួច​មក ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន ក៏​មក​ឯ​យេរេមា​សួរ​យ៉ាង​នោះ​មែន ហើយ​លោក​ប្រាប់​គេ​តាម​គ្រប់​ទាំង​ពាក្យ ដែល​ស្តេច​បាន​បង្គាប់​មក ដូច្នេះ គេ​ក៏​លែង​និយាយ​នឹង​លោក​ទៅ ពី​ព្រោះ​ការ​នោះ​មិន​បាន​បើក​ឲ្យ​គេ​ឃើញ​ទេ

28. ឯ​យេរេមា លោក​ក៏​នៅ​ជាប់​ក្នុង​ទីលាន​គុក ដរាប​ដល់​ថ្ងៃ​ដែល​គេ​ចាប់​យក​ក្រុង​យេរូ‌សាឡិម​បាន ឯ​វេលា​ដែល​គេ​ចាប់​យក​ទី​ក្រុង​បាន នោះ​លោក​នៅ​ទី​នោះ​នៅ​ឡើយ។

យេរេមា 38