យេរេមា 38:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​សេផាធា ជា​កូន​ម៉ាត់ថាន និង​កេដាលា​ជា​កូន​ផាស‌ហ៊ើរ យេហ៊ូកាល ជា​កូន​សេលេមា ហើយ​ផាស‌ហ៊ើរ ជា​កូន​ម៉ាលគា គេ​ក៏​ឮ​ពាក្យ​ដែល​យេរេមា​ប្រាប់​បណ្តា‌ជន​ទាំង‌ឡាយ​ថា

2. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​ណា​ដែល​កៀច​នៅ​ក្នុង​ទី​ក្រុង​នេះ នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ដោយ​អំណត់‌អត់ ឬ​ដោយ​អាសន្ន‌រោគ តែ​អ្នក​ណា​ដែល​ចេញ​ទៅ​ឯ​ពួក​ខាល់ដេ នោះ​នឹង​បាន​រស់​នៅ​វិញ ជីវិត​អ្នក​នោះ​នឹង​រាប់​ទុក​ដូច​ជា​របឹប​ដល់​ខ្លួន អ្នក​នោះ​នឹង​រស់​នៅ​ត​ទៅ

3. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ទី​ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ចាប់​យក​បាន​ជា​ពិត

4. ដូច្នេះ ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន ក៏​ទូល​ស្តេច​ថា សូម​ទ្រង់​អនុញ្ញាត​ឲ្យ​មនុស្ស​នេះ​ត្រូវ​ទោស​ដល់​ស្លាប់​ចុះ ពី​ព្រោះ​វា​នាំ​ឲ្យ​ពួក​ទាហាន​ដែល​សល់​នៅ​ក្នុង​ទី​ក្រុង និង​ពួក​បណ្តា‌ជន​ទាំង‌ឡាយ​ខ្សោយ​ដៃ​ទៅ ដោយ​ពោល​ពាក្យ​យ៉ាង​នេះ​ដល់​គេ ដ្បិត​មនុស្ស​នេះ​មិន​ស្វែង​រក​សេចក្តី​ល្អ ដល់​ជន‌ជាតិ​នេះ​ទេ គឺ​រក​តែ​ឲ្យ​គេ​បាន​អន្តរាយ​វិញ

5. ស្តេច​សេដេគា​មាន​ព្រះ‌បន្ទូល​តប​ថា មើល វា​នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​រាល់​គ្នា​ហើយ ដ្បិត​ស្តេច​មិន​អាច​នឹង​ធ្វើ​អ្វី ទាស់​ទទឹង​នឹង​អ្នក​រាល់​គ្នា​បាន​ទេ

6. នោះ​គេ​ក៏​ចាប់​យក​យេរេមា​ទៅ​ដាក់​ក្នុង​គុក​ងងឹត​របស់​ម៉ាលគា ជា​កូន​ហាម៉ាលេក ដែល​នៅ​ទីលាន​គុក គេ​យក​ខ្សែ​សំរូត​យេរេមា​ចុះ​ទៅ រីឯ​នៅ​ក្នុង​គុក​ងងឹត​នោះ​គ្មាន​ទឹក​ទេ មាន​សុទ្ធ​តែ​ភក់​វិញ ហើយ​យេរេមា​ក៏​ផុង​ទៅ​ក្នុង​ភក់​នោះ។

7. កាល​អេបេឌ-មេលេក ជា​មនុស្ស​គំរៀវ សាសន៍​អេធីយ៉ូពី ដែល​នៅ​ក្នុង​វាំង​ហ្លួង គាត់​បាន​ឮ​ថា គេ​ដាក់​យេរេមា​ក្នុង​គុក​ងងឹត​ដូច្នោះ (គ្រា​នោះ​ស្តេច​កំពុង​គង់​នៅ​ត្រង់​ទ្វារ​បេន‌យ៉ា‌មីន)

8. នោះ​អេបេឌ-មេលេក​ក៏​ចេញ​ពី​ព្រះ‌រាជ​វាំង​ទៅ​ទូល​ស្តេច​ថា

9. ឱ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ ក្នុង​ការ​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ទាំង​នេះ​បាន​ធ្វើ​ដល់​ហោរា​យេរេមា គឺ​ដែល​គេ​បាន​ដាក់​លោក​ឲ្យ​នៅ​ក្នុង​គុក​ងងឹត នោះ​ជា​ការ​អាក្រក់​ណាស់ ដ្បិត​មុខ​ជា​លោក​នឹង​ស្លាប់​នៅ​ទី​នោះ ដោយ​ព្រោះ​អំណត់​ជា​មិន​ខាន ពី​ព្រោះ​គ្មាន​អាហារ​នៅ​ក្នុង​ទី​ក្រុង​ទៀត​ទេ

10. ដូច្នេះ ស្តេច​ទ្រង់​បង្គាប់​អេបេឌ-មេលេក ជា​សាសន៍​អេធីយ៉ូពី​ថា ចូរ​នាំ​យក​មនុស្ស​៣០​នាក់​ពី​ទី​នេះ​ទៅ​ជា​មួយ​នឹង​ឯង ហើយ​ស្រង់​ហោរា​យេរេមា​ចេញ​ពី​គុក​ងងឹត​មក ក្រែង​លោក​ស្លាប់

11. អេបេឌ-មេលេក​ក៏​នាំ​យក​មនុស្ស​ទាំង​នោះ ទៅ​ជា​មួយ​ចូល​ទៅ​ខាង​ក្រោម​ឃ្លាំង​ក្នុង​ព្រះ‌រាជ​វាំង ក៏​យក​កំណាត់​ចាស់ៗ និង​អាវ​រយ៉ី‌រយ៉ៃ​ទៅ​សំរូត​ចុះ​ដល់​យេរេមា​នៅ​ក្នុង​គុក​ងងឹត

12. រួច​អេបេឌ-មេលេក ជា​សាសន៍​អេធីយ៉ូពី ក៏​ប្រាប់​យេរេមា​ថា សូម​ទ្រាប់​កំណាត់​ចាស់ និង​អាវ​រយ៉ី‌រយ៉ៃ​ទាំង​នេះ នៅ​ក្រោម​ក្លៀក​លោក​ពី​ក្រោម​ខ្សែពួរ​ទៅ យេរេមា​ក៏​ធ្វើ​ដូច្នោះ

13. រួច​គេ​យោង​ទាញ​យេរេមា​ឡើង​រួច​ពី​គុក​ងងឹត​មក ហើយ​លោក​បាន​នៅ​ជាប់​ក្នុង​ទីលាន​គុក​វិញ។

14. គ្រា​នោះ ស្តេច​សេដេគា​ទ្រង់​ចាត់​គេ​ទៅ​នាំ​ហោរា​យេរេមា​មក​ឯ​ទ្រង់ នៅ​ត្រង់​ទ្វារ​ទី​៣​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​យេរេមា​ថា យើង​ចង់​សួរ​បន្តិច កុំ​ឲ្យ​លាក់​អ្វី​នឹង​យើង​ឡើយ

15. ដូច្នេះ យេរេមា​លោក​ទូល​ដល់​សេដេគា​ថា បើ​សិន​ជា​ទូល‌បង្គំ​ទូល​ទ្រង់​ឲ្យ​បាន​ជ្រាប នោះ​តើ​ទ្រង់​មិន​សំឡាប់​ទូល‌បង្គំ​ជា​ប្រាកដ​ទេ​ឬ ហើយ​បើ​ទូល‌បង្គំ​ទូន្មាន​ទ្រង់ នោះ​ទ្រង់​ក៏​មិន​ព្រម​ស្តាប់​តាម​ដែរ

យេរេមា 38