3. ឯស្តេចសេដេគា ទ្រង់ចាត់យេហ៊ូកាល ជាកូនសេលេមា និងសេផានា ជាកូនម្អាសេយ៉ាដ៏ជាសង្ឃ ឲ្យទៅឯយេរេមា ដោយផ្តាំថា ចូរអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាឲ្យយើងឥឡូវផង
4. រីឯយេរេមាលោកទៅមកក្នុងបណ្តាជន ដ្បិតគេមិនទាន់បានឃុំទុកលោកនៅឡើយ
5. គ្រានោះពលទ័ពរបស់ផារ៉ោន ក៏លើកចេញពីស្រុកអេស៊ីព្ទមក កាលពួកខាល់ដេ ដែលកំពុងតែឡោមព័ទ្ធក្រុងយេរូសាឡិម បានឮដំណឹងនោះហើយ គេក៏ថយចេញពីក្រុងយេរូសាឡិមទៅ។
6. ខណៈនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់ហោរាយេរេមាថា
7. ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ត្រូវឲ្យឯងឆ្លើយតបនឹងស្តេចយូដា ដែលចាត់ឯងឲ្យមកសួរដល់អញថា មើល ពួកពលទ័ពរបស់ផារ៉ោន ដែលលើកចេញមកជួយឯង គេនឹងវិលត្រឡប់ទៅឯស្រុកអេស៊ីព្ទ ជាស្រុករបស់គេវិញ
8. រួចពួកខាល់ដេនឹងមកម្តងទៀត ច្បាំងនឹងទីក្រុងនេះ ហើយនឹងចាប់យកបានផង រួចគេនឹងដុតចោល
9. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលយ៉ាងដូច្នេះថា កុំឲ្យបញ្ឆោតខ្លួនឯងរាល់គ្នាដោយថា ពួកខាល់ដេនឹងថយចេញពីយើងជាប្រាកដនោះឡើយ ដ្បិតគេនឹងមិនថយចេញទៅទេ
10. ពីព្រោះទោះបើឯងរាល់គ្នាបានវាយពលទ័ពទាំងមូល របស់ពួកខាល់ដេដែលច្បាំងនឹងឯង ឲ្យមានសល់តែមនុស្សរបួសប៉ុណ្ណោះក៏ដោយ គង់តែគេនឹងក្រោកឡើង នៅក្នុងត្រសាលគេរៀងខ្លួន មកដុតទីក្រុងនេះចោលដែរ។
11. នៅគ្រាដែលពលទ័ពរបស់ពួកខាល់ដេ បានថយចេញពីក្រុងយេរូសាឡិមទៅ ដោយខ្លាចពួកពលទ័ពរបស់ផារ៉ោនហើយ
12. នោះយេរេមាក៏ចេញពីក្រុងយេរូសាឡិមចង់ទៅឯស្រុកបេនយ៉ាមីន ដើម្បីទទួលដីជាចំណែករបស់លោក នៅកណ្តាលពួកអ្នកស្រុកនោះ
13. តែកាលលោកកំពុងចេញតាមទ្វារបេនយ៉ាមីន នោះមានមេទ័ពពួកល្បាតនៅទីនោះឈ្មោះយារីយ៉ា ជាកូនសេលេមា ដែលជាកូនហាណានា អ្នកនោះក៏ចាប់ហោរាយេរេមា ដោយចោទថា ឯងរវាតចូលទៅខាងពួកខាល់ដេឬ
14. យេរេមាប្រកែកថាមិនមែនទេ ខ្ញុំមិនរវាតចូលទៅខាងពួកខាល់ដេឡើយ ប៉ុន្តែយារីយ៉ាមិនព្រមជឿលោកសោះ ក៏ចាប់យេរេមានាំទៅឯពួកចៅហ្វាយ
15. នោះពួកចៅហ្វាយមានសេចក្តីក្រោធនឹងយេរេមា ក៏វាយលោក ហើយនាំទៅឃុំទុកក្នុងផ្ទះស្មៀនយ៉ូណាថាន ដ្បិតគេបានយកផ្ទះនោះធ្វើជាគុកហើយ។
16. កាលយេរេមាបានចូលទៅក្នុងបន្ទប់នៃគុក នៅក្រោមដីនោះ រួចបាននៅទីនោះជាយូរថ្ងៃទៅ
17. នោះស្តេចសេដេគាក៏ចាត់គេឲ្យទៅនាំលោកមក ស្តេចទ្រង់សួរលោកដោយសំងាត់នៅក្នុងដំណាក់ថា តើមានព្រះបន្ទូលណាមកពីព្រះយេហូវ៉ាឬទេ យេរេមាទូលតបថា មានដែរ លោកក៏ទូលថា ទ្រង់នឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចបាប៊ីឡូន