13. តែកាលលោកកំពុងចេញតាមទ្វារបេនយ៉ាមីន នោះមានមេទ័ពពួកល្បាតនៅទីនោះឈ្មោះយារីយ៉ា ជាកូនសេលេមា ដែលជាកូនហាណានា អ្នកនោះក៏ចាប់ហោរាយេរេមា ដោយចោទថា ឯងរវាតចូលទៅខាងពួកខាល់ដេឬ
14. យេរេមាប្រកែកថាមិនមែនទេ ខ្ញុំមិនរវាតចូលទៅខាងពួកខាល់ដេឡើយ ប៉ុន្តែយារីយ៉ាមិនព្រមជឿលោកសោះ ក៏ចាប់យេរេមានាំទៅឯពួកចៅហ្វាយ
15. នោះពួកចៅហ្វាយមានសេចក្តីក្រោធនឹងយេរេមា ក៏វាយលោក ហើយនាំទៅឃុំទុកក្នុងផ្ទះស្មៀនយ៉ូណាថាន ដ្បិតគេបានយកផ្ទះនោះធ្វើជាគុកហើយ។
16. កាលយេរេមាបានចូលទៅក្នុងបន្ទប់នៃគុក នៅក្រោមដីនោះ រួចបាននៅទីនោះជាយូរថ្ងៃទៅ
17. នោះស្តេចសេដេគាក៏ចាត់គេឲ្យទៅនាំលោកមក ស្តេចទ្រង់សួរលោកដោយសំងាត់នៅក្នុងដំណាក់ថា តើមានព្រះបន្ទូលណាមកពីព្រះយេហូវ៉ាឬទេ យេរេមាទូលតបថា មានដែរ លោកក៏ទូលថា ទ្រង់នឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចបាប៊ីឡូន
18. មួយទៀត យេរេមាក៏ទូលសួរស្តេចសេដេគាថា តើទូលបង្គំបានធ្វើខុសអ្វីនឹងទ្រង់ ឬនឹងពួកនាម៉ឺនទ្រង់ ឬនឹងពួកជនជាតិនេះ បានជាដាក់ទូលបង្គំនៅក្នុងគុកដូច្នេះ
19. ឥឡូវតើពួកហោរារបស់ទ្រង់នៅឯណាដែលគេទាយថា ស្តេចបាប៊ីឡូននឹងមិនមកទាស់នឹងទ្រង់ ឬទាស់នឹងស្រុកនេះឡើយនោះ