1. សេដេគា ជាបុត្រនៃយ៉ូសៀសក៏សោយរាជ្យឡើងជំនួសយេកូនា ជាបុត្ររបស់យេហូយ៉ាគីម ដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានតាំងឡើងជាស្តេច នៅស្រុកយូដា
2. ប៉ុន្តែទោះទាំងស្តេច ឬពួកមហាតលិក ឬបណ្តាជននៅក្នុងស្រុកនោះ ក៏មិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់មានព្រះបន្ទូលមក ដោយសារហោរាយេរេមាឡើយ។
3. ឯស្តេចសេដេគា ទ្រង់ចាត់យេហ៊ូកាល ជាកូនសេលេមា និងសេផានា ជាកូនម្អាសេយ៉ាដ៏ជាសង្ឃ ឲ្យទៅឯយេរេមា ដោយផ្តាំថា ចូរអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាឲ្យយើងឥឡូវផង
4. រីឯយេរេមាលោកទៅមកក្នុងបណ្តាជន ដ្បិតគេមិនទាន់បានឃុំទុកលោកនៅឡើយ
5. គ្រានោះពលទ័ពរបស់ផារ៉ោន ក៏លើកចេញពីស្រុកអេស៊ីព្ទមក កាលពួកខាល់ដេ ដែលកំពុងតែឡោមព័ទ្ធក្រុងយេរូសាឡិម បានឮដំណឹងនោះហើយ គេក៏ថយចេញពីក្រុងយេរូសាឡិមទៅ។
6. ខណៈនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់ហោរាយេរេមាថា
7. ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ត្រូវឲ្យឯងឆ្លើយតបនឹងស្តេចយូដា ដែលចាត់ឯងឲ្យមកសួរដល់អញថា មើល ពួកពលទ័ពរបស់ផារ៉ោន ដែលលើកចេញមកជួយឯង គេនឹងវិលត្រឡប់ទៅឯស្រុកអេស៊ីព្ទ ជាស្រុករបស់គេវិញ
8. រួចពួកខាល់ដេនឹងមកម្តងទៀត ច្បាំងនឹងទីក្រុងនេះ ហើយនឹងចាប់យកបានផង រួចគេនឹងដុតចោល
9. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលយ៉ាងដូច្នេះថា កុំឲ្យបញ្ឆោតខ្លួនឯងរាល់គ្នាដោយថា ពួកខាល់ដេនឹងថយចេញពីយើងជាប្រាកដនោះឡើយ ដ្បិតគេនឹងមិនថយចេញទៅទេ