7. ប្រហែលជាគេនឹងទូលអង្វរដល់ព្រះយេហូវ៉ា ហើយនឹងវិលមកពីផ្លូវអាក្រក់របស់គេរៀងខ្លួនទេដឹង ដ្បិតសេចក្តីខ្ញាល់ និងសេចក្តីឃោរឃៅ ដែលព្រះយេហូវ៉ាបានពោលទាស់នឹងសាសន៍នេះ នោះធ្ងន់ក្រៃលែង
8. ដូច្នេះបារូក ជាកូននេរីយ៉ា ក៏សំរេចតាមគ្រប់ទាំងសេចក្តីដែលហោរាយេរេមាបានបង្គាប់ គឺបានអានមើលព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលកត់ចុះក្នុងក្រាំង នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា។
9. រីឯនៅខែមិគសិរ ក្នុងឆ្នាំទី៥ នៃរាជ្យយេហូយ៉ាគីម ជាបុត្រយ៉ូសៀសស្តេចយូដា នោះប្រជាជនទាំងឡាយនៅក្រុងយេរូសាឡិម ហើយបណ្តាជនដែលមកឯក្រុងយេរូសាឡិម ពីទីក្រុងស្រុកយូដាទាំងប៉ុន្មាន ក៏ប្រកាសឲ្យមានថ្ងៃតមនៅចំពោះព្រះយេហូវ៉ា
10. ខណៈនោះ បារូកក៏អានមើលក្រាំង ជាពាក្យរបស់យេរេមា ក្នុងព្រះវិហារនៃព្រះយេហូវ៉ាឲ្យបណ្តាជនស្តាប់ គឺក្នុងបន្ទប់របស់ស្មៀនកេម៉ារាជាកូនសាផាន ដែលនៅទីលានខាងលើ ត្រង់ទ្វារថ្មីនៃព្រះវិហារព្រះយេហូវ៉ា។
11. លុះកាលមីកា ជាកូនកេម៉ារា ដែលជាកូនរបស់សាផានបានឮអស់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលនៅក្នុងក្រាំងនោះហើយ
12. នោះក៏ចុះទៅឯព្រះរាជវាំងចូលក្នុងបន្ទប់ស្មៀន ឃើញមានពួកចៅហ្វាយទាំងប៉ុន្មាននៅទីនោះ គឺស្មៀនអេលីសាម៉ា ហើយដេឡាយ៉ា ជាកូនសេម៉ាយ៉ា និងអែលណាថាន ជាកូនអ័កបោរ កេម៉ារា ជាកូនសាផាន សេដេគា ជាកូនហាណានា ហើយពួកចៅហ្វាយទាំងអស់ផង
13. មីកាក៏ជំរាបគេតាមគ្រប់ទាំងពាក្យដែលខ្លួនបានឮ ក្នុងកាលដែលបារូកអានមើលក្រាំងនោះឲ្យបណ្តាជនស្តាប់
14. ដូច្នេះ ពួកចៅហ្វាយទាំងនោះក៏ចាត់យេហ៊ូឌី ជាកូននេថានា ដែលជាកូនសេលេមាដែលជាកូនគូស៊ី ឲ្យទៅឯបារូកប្រាប់ថា ចូរយកក្រាំងដែលឯងបានអានមើលឲ្យបណ្តាជនស្តាប់នោះមក បារូកជាកូននេរីយ៉ាក៏យកក្រាំងកាន់នៅដៃទៅឯគេ
15. រួចគេប្រាប់ថា ចូរឯងអង្គុយអានមើលឲ្យយើងស្តាប់ផង នោះបារូកក៏អានមើល
16. លុះកាលគេបានឮពាក្យទាំងនោះរួចហើយ នោះគេក៏បែរមើលគ្នាទៅវិញទៅមក ដោយភិតភ័យ ហើយនិយាយទៅបារូកថា យើងនឹងទូលដល់ស្តេច ពីពាក្យទាំងនេះជាមិនខាន
17. រួចគេសួរបារូកថា ចូរប្រាប់យើងមក ធ្វើដូចម្តេចឲ្យឯងបានកត់អស់ទាំងពាក្យនេះតាមមាត់គាត់បាន
18. បារូកឆ្លើយថា លោកបានប្រាប់ពាក្យទាំងនេះដល់ខ្ញុំ ហើយខ្ញុំក៏យកទឹកខ្មៅសរសេរចុះក្នុងក្រាំងនេះ
19. នោះពួកចៅហ្វាយប្រាប់បារូកថា ចូរឯង និងយេរេមាទៅពួនខ្លួនទៅ កុំឲ្យអ្នកណាដឹងជានៅឯណាឡើយ។
20. រួចគេក៏ចូលទៅគាល់ស្តេចនៅក្នុងដំណាក់ តែឯក្រាំង គេបានដាក់ទុកនៅក្នុងបន្ទប់របស់ស្មៀនអេលីសាម៉ា ហើយគេទូលដល់ស្តេចតាមអស់ទាំងពាក្យនោះ
21. ដូច្នេះស្តេចទ្រង់ចាត់យេហ៊ូឌី ឲ្យទៅយកក្រាំង ពីបន្ទប់ស្មៀនអេលីសាម៉ាមក រួចយេហ៊ូឌីក៏អានមើលថ្វាយស្តេច នៅត្រចៀកនៃពួកចៅហ្វាយទាំងអស់ ដែលឈរនៅខាងស្តេចដែរ