យេរេមា 36:17-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. រួច​គេ​សួរ​បារូក​ថា ចូរ​ប្រាប់​យើង​មក ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​បាន​កត់​អស់​ទាំង​ពាក្យ​នេះ​តាម​មាត់​គាត់​បាន

18. បារូក​ឆ្លើយ​ថា លោក​បាន​ប្រាប់​ពាក្យ​ទាំង​នេះ​ដល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​យក​ទឹក​ខ្មៅ​សរសេរ​ចុះ​ក្នុង​ក្រាំង​នេះ

19. នោះ​ពួក​ចៅ‌ហ្វាយ​ប្រាប់​បារូក​ថា ចូរ​ឯង និង​យេរេមា​ទៅ​ពួន​ខ្លួន​ទៅ កុំ​ឲ្យ​អ្នក​ណា​ដឹង​ជា​នៅ​ឯ​ណា​ឡើយ។

20. រួច​គេ​ក៏​ចូល​ទៅ​គាល់​ស្តេច​នៅ​ក្នុង​ដំណាក់ តែ​ឯ​ក្រាំង គេ​បាន​ដាក់​ទុក​នៅ​ក្នុង​បន្ទប់​របស់​ស្មៀន​អេលីសាម៉ា ហើយ​គេ​ទូល​ដល់​ស្តេច​តាម​អស់​ទាំង​ពាក្យ​នោះ

21. ដូច្នេះ​ស្តេច​ទ្រង់​ចាត់​យេហ៊ូឌី ឲ្យ​ទៅ​យក​ក្រាំង ពី​បន្ទប់​ស្មៀន​អេលីសាម៉ា​មក រួច​យេហ៊ូឌី​ក៏​អាន​មើល​ថ្វាយ​ស្តេច នៅ​ត្រចៀក​នៃ​ពួក​ចៅ‌ហ្វាយ​ទាំង​អស់ ដែល​ឈរ​នៅ​ខាង​ស្តេច​ដែរ

22. ខណៈ​នោះ ស្តេច​ទ្រង់​គង់​ក្នុង​ដំណាក់​សំរាប់​រដូវ​រងា​នៅ​ខែ​មិគសិរ ហើយ​មាន​ភ្លើង​ឆេះ​នៅ​ជើង‌ក្រាន​ចំពោះ​ទ្រង់

23. ដូច្នេះ កាល​យេហ៊ូឌី​បាន​អាន​មើល​បី​បួន​ទំព័រ​ហើយ នោះ​ស្តេច​ទ្រង់​យក​កាំបិត​កាត់ រួច​បោះ​ទៅ​ក្នុង​ភ្លើង​នៅ​ជើង‌ក្រាន ទាល់​តែ​ក្រាំង​ទាំង​មូល​បាន​ឆេះ​អស់​ទៅ

24. ដំណើរ​នេះ​គេ​ឥត​មាន​ស្លុត​ចិត្ត ឬ​ហែក​សំលៀក‌បំពាក់​គេ​សោះ ទោះ​ទាំង​ស្តេច ឬ​ពួក​មហា‌តលិក ដែល​ឮ​ពាក្យ​ទាំង​នោះ​ផង

25. មាន​តែ​អែល‌ណា‌ថាន ដេឡាយ៉ា និង​កេម៉ារា​ដែល​បាន​ទូល‌អង្វរ​ដល់​ស្តេច សូម​កុំ​ឲ្យ​ទ្រង់​ដុត​ក្រាំង​ប៉ុណ្ណោះ តែ​ស្តេច​មិន​ព្រម​ស្តាប់​តាម​ទេ

26. រួច​ស្តេច​ទ្រង់​បង្គាប់​យេរ៉ា‌ម្អែល ជា​កូន​ហាម៉ាលេក និង​សេរ៉ាយ៉ា​ជា​កូន​អាសរាល ហើយ​សេលេមា ជា​កូន​អាប់‌ឌាល ឲ្យ​ទៅ​ចាប់​ស្មៀន​បារូក និង​ហោរា​យេរេមា​មក តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លាក់​លោក​ទុក។

27. ក្រោយ​ដែល​ស្តេច​បាន​ដុត​ក្រាំង​ជា​ពាក្យ​ទាំង​នោះ ដែល​បារូក​បាន​សរសេរ​ទុក​តាម​មាត់​យេរេមា​ហើយ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​យេរេមា​ថា

28. ចូរ​យក​ក្រាំង​១​ទៀត ហើយ​សរសេរ​ទុក​ពាក្យ​ដើម​ទាំង​ប៉ុន្មាន ដូច​បាន​សរសេរ​ចុះ​ក្នុង​ក្រាំង​មុន​នោះ ដែល​យេហូយ៉ាគីម ជា​ស្តេច​យូដា​បាន​ដុត​ចោល​ទៅ​ហើយ​នោះ

29. រួច​ឯ​ដំណើរ​យេហូយ៉ាគីម ជា​ស្តេច​យូដា នោះ​ត្រូវ​ឲ្យ​ឯង​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ ឯង​បាន​ដុត​ក្រាំង​នោះ​ចោល ដោយ​ពាក្យ​ថា ហេតុ​អ្វី​បាន​ជា​សរសេរ​ដូច្នេះ​ថា ស្តេច​បាប៊ីឡូន​នឹង​មក ហើយ​បំផ្លាញ​ស្រុក​នេះ​ទៅ ព្រម​ទាំង​ធ្វើ​ឲ្យ​លែង​មាន​ទាំង​មនុស្ស និង​សត្វ​ជា​ពិត

30. ហេតុ​នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​យេហូ‌យ៉ា‌គីម ជា​ស្តេច​យូដា​ដូច្នេះ​ថា វា​នឹង​គ្មាន​អ្នក​ណា​សំរាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ដាវីឌ​ឡើយ ហើយ​សព​វា​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្រៅ ឲ្យ​ហាល​ក្តៅ​នៅ​ពេល​ថ្ងៃ និង​សន្សើម​កក​នៅ​ពេល​យប់

31. អញ​នឹង​ធ្វើ​ទោស​ដល់​វា និង​ពូជ​វា ព្រម​ទាំង​ពួក​មហា‌តលិក​ទាំង​ប៉ុន្មាន ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​វា​រាល់​គ្នា ហើយ​អញ​នឹង​នាំ​អស់​ទាំង​សេចក្តី​អាក្រក់​មក​លើ​វា​រាល់​គ្នា និង​លើ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​លើ​ពួក​មនុស្ស​នៅ​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ផង តាម​ដែល​អញ​បាន​ពោល​ទាស់​នឹង​វា​រាល់​គ្នា​ហើយ តែ​គេ​មិន​ព្រម​ស្តាប់​តាម​សោះ

32. ដូច្នេះ យេរេមា​ក៏​យក​ក្រាំង​១​ទៀត ឲ្យ​ដល់​ស្មៀន​បារូក ជា​កូន​នេរីយ៉ា ហើយ​គាត់​ក៏​សរសេរ​ទុក​អស់​ទាំង​ពាក្យ​នោះ​តាម​មាត់​យេរេមា ដូច​ជា​មាន​នៅ​ក្នុង​ក្រាំង​ដែល​យេហូយ៉ាគីម ស្តេច​យូដា​បាន​ដុត​ចោល​នោះ ក៏​មាន​សេចក្តី​បែប​ដូច​គ្នា​ជា​ច្រើន​ទៀត​បាន​បន្ថែម​បញ្ចូល​ផង។

យេរេមា 36