14. ដូច្នេះ ពួកចៅហ្វាយទាំងនោះក៏ចាត់យេហ៊ូឌី ជាកូននេថានា ដែលជាកូនសេលេមាដែលជាកូនគូស៊ី ឲ្យទៅឯបារូកប្រាប់ថា ចូរយកក្រាំងដែលឯងបានអានមើលឲ្យបណ្តាជនស្តាប់នោះមក បារូកជាកូននេរីយ៉ាក៏យកក្រាំងកាន់នៅដៃទៅឯគេ
15. រួចគេប្រាប់ថា ចូរឯងអង្គុយអានមើលឲ្យយើងស្តាប់ផង នោះបារូកក៏អានមើល
16. លុះកាលគេបានឮពាក្យទាំងនោះរួចហើយ នោះគេក៏បែរមើលគ្នាទៅវិញទៅមក ដោយភិតភ័យ ហើយនិយាយទៅបារូកថា យើងនឹងទូលដល់ស្តេច ពីពាក្យទាំងនេះជាមិនខាន
17. រួចគេសួរបារូកថា ចូរប្រាប់យើងមក ធ្វើដូចម្តេចឲ្យឯងបានកត់អស់ទាំងពាក្យនេះតាមមាត់គាត់បាន
18. បារូកឆ្លើយថា លោកបានប្រាប់ពាក្យទាំងនេះដល់ខ្ញុំ ហើយខ្ញុំក៏យកទឹកខ្មៅសរសេរចុះក្នុងក្រាំងនេះ
19. នោះពួកចៅហ្វាយប្រាប់បារូកថា ចូរឯង និងយេរេមាទៅពួនខ្លួនទៅ កុំឲ្យអ្នកណាដឹងជានៅឯណាឡើយ។
20. រួចគេក៏ចូលទៅគាល់ស្តេចនៅក្នុងដំណាក់ តែឯក្រាំង គេបានដាក់ទុកនៅក្នុងបន្ទប់របស់ស្មៀនអេលីសាម៉ា ហើយគេទូលដល់ស្តេចតាមអស់ទាំងពាក្យនោះ
21. ដូច្នេះស្តេចទ្រង់ចាត់យេហ៊ូឌី ឲ្យទៅយកក្រាំង ពីបន្ទប់ស្មៀនអេលីសាម៉ាមក រួចយេហ៊ូឌីក៏អានមើលថ្វាយស្តេច នៅត្រចៀកនៃពួកចៅហ្វាយទាំងអស់ ដែលឈរនៅខាងស្តេចដែរ
22. ខណៈនោះ ស្តេចទ្រង់គង់ក្នុងដំណាក់សំរាប់រដូវរងានៅខែមិគសិរ ហើយមានភ្លើងឆេះនៅជើងក្រានចំពោះទ្រង់
23. ដូច្នេះ កាលយេហ៊ូឌីបានអានមើលបីបួនទំព័រហើយ នោះស្តេចទ្រង់យកកាំបិតកាត់ រួចបោះទៅក្នុងភ្លើងនៅជើងក្រាន ទាល់តែក្រាំងទាំងមូលបានឆេះអស់ទៅ
24. ដំណើរនេះគេឥតមានស្លុតចិត្ត ឬហែកសំលៀកបំពាក់គេសោះ ទោះទាំងស្តេច ឬពួកមហាតលិក ដែលឮពាក្យទាំងនោះផង
25. មានតែអែលណាថាន ដេឡាយ៉ា និងកេម៉ារាដែលបានទូលអង្វរដល់ស្តេច សូមកុំឲ្យទ្រង់ដុតក្រាំងប៉ុណ្ណោះ តែស្តេចមិនព្រមស្តាប់តាមទេ