14. ដូច្នេះ ពួកចៅហ្វាយទាំងនោះក៏ចាត់យេហ៊ូឌី ជាកូននេថានា ដែលជាកូនសេលេមាដែលជាកូនគូស៊ី ឲ្យទៅឯបារូកប្រាប់ថា ចូរយកក្រាំងដែលឯងបានអានមើលឲ្យបណ្តាជនស្តាប់នោះមក បារូកជាកូននេរីយ៉ាក៏យកក្រាំងកាន់នៅដៃទៅឯគេ
15. រួចគេប្រាប់ថា ចូរឯងអង្គុយអានមើលឲ្យយើងស្តាប់ផង នោះបារូកក៏អានមើល
16. លុះកាលគេបានឮពាក្យទាំងនោះរួចហើយ នោះគេក៏បែរមើលគ្នាទៅវិញទៅមក ដោយភិតភ័យ ហើយនិយាយទៅបារូកថា យើងនឹងទូលដល់ស្តេច ពីពាក្យទាំងនេះជាមិនខាន
17. រួចគេសួរបារូកថា ចូរប្រាប់យើងមក ធ្វើដូចម្តេចឲ្យឯងបានកត់អស់ទាំងពាក្យនេះតាមមាត់គាត់បាន