1. នៅឆ្នាំទី៤ក្នុងរាជ្យនៃយេហូយ៉ាគីម ជាបុត្រយ៉ូសៀសស្តេចយូដា ព្រះបន្ទូលនេះបានមកពីព្រះយេហូវ៉ាដល់យេរេមាថា
2. ចូរយកក្រាំង១មកកត់អស់ទាំងពាក្យដែលអញបានប្រាប់ដល់ឯង ទាស់នឹងពួកអ៊ីស្រាអែល និងពួកយូដា ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃដែលអញផ្តើមនិយាយនឹងឯង គឺតាំងពីគ្រាយ៉ូសៀសដរាបដល់សព្វថ្ងៃនេះ
3. ប្រហែលជាពួកវង្សយូដានឹងស្តាប់អស់ទាំងសេចក្តីអាក្រក់ ដែលអញសំរេចនឹងធ្វើដល់គេទេដឹង ប្រយោជន៍ឲ្យគេបានវិលមកពីផ្លូវអាក្រក់របស់គេរៀងខ្លួន ដើម្បីឲ្យអញបានអត់ទោសចំពោះអំពើទុច្ចរិត និងអំពើបាបរបស់គេ។
4. ដូច្នេះ យេរេមាក៏ហៅបារូក ជាកូននេរីយ៉ាមក ហើយបារូកក៏សរសេរអស់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ាចុះក្នុងក្រាំងតាមមាត់យេរេមា ជាព្រះបន្ទូលដែលទ្រង់បានមានព្រះបន្ទូលដល់លោក
5. រួចយេរេមាប្រាប់បារូកថា អញនៅជាប់ឃុំ នឹងចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាមិនបាន
6. ដូច្នេះចូរឯងយកក្រាំងនេះ ដែលឯងបានសរសេរតាមមាត់អញ ទៅអានមើលព្រះបន្ទូលនៃព្រះយេហូវ៉ា នៅត្រចៀករបស់បណ្តាជនក្នុងព្រះវិហារនៃព្រះយេហូវ៉ា នៅថ្ងៃកាន់ត្រណមទៅ ហើយត្រូវឲ្យអានមើល នៅត្រចៀកពួកសាសន៍យូដាទាំងអស់ ដែលចេញពីទីក្រុងរបស់គេមកដែរ
7. ប្រហែលជាគេនឹងទូលអង្វរដល់ព្រះយេហូវ៉ា ហើយនឹងវិលមកពីផ្លូវអាក្រក់របស់គេរៀងខ្លួនទេដឹង ដ្បិតសេចក្តីខ្ញាល់ និងសេចក្តីឃោរឃៅ ដែលព្រះយេហូវ៉ាបានពោលទាស់នឹងសាសន៍នេះ នោះធ្ងន់ក្រៃលែង
8. ដូច្នេះបារូក ជាកូននេរីយ៉ា ក៏សំរេចតាមគ្រប់ទាំងសេចក្តីដែលហោរាយេរេមាបានបង្គាប់ គឺបានអានមើលព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលកត់ចុះក្នុងក្រាំង នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា។
9. រីឯនៅខែមិគសិរ ក្នុងឆ្នាំទី៥ នៃរាជ្យយេហូយ៉ាគីម ជាបុត្រយ៉ូសៀសស្តេចយូដា នោះប្រជាជនទាំងឡាយនៅក្រុងយេរូសាឡិម ហើយបណ្តាជនដែលមកឯក្រុងយេរូសាឡិម ពីទីក្រុងស្រុកយូដាទាំងប៉ុន្មាន ក៏ប្រកាសឲ្យមានថ្ងៃតមនៅចំពោះព្រះយេហូវ៉ា
10. ខណៈនោះ បារូកក៏អានមើលក្រាំង ជាពាក្យរបស់យេរេមា ក្នុងព្រះវិហារនៃព្រះយេហូវ៉ាឲ្យបណ្តាជនស្តាប់ គឺក្នុងបន្ទប់របស់ស្មៀនកេម៉ារាជាកូនសាផាន ដែលនៅទីលានខាងលើ ត្រង់ទ្វារថ្មីនៃព្រះវិហារព្រះយេហូវ៉ា។
11. លុះកាលមីកា ជាកូនកេម៉ារា ដែលជាកូនរបស់សាផានបានឮអស់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលនៅក្នុងក្រាំងនោះហើយ