8. ហើយយើងរាល់គ្នាបានស្តាប់បង្គាប់យ៉ូណាដាប ជាកូនរេកាប ដែលជាព្ធយុកោយើង តាមគ្រប់ទាំងសេចក្តីដែលគាត់បានផ្តាំមក គឺមិនបានទទួលទានស្រាទំពាំងបាយជូរដរាបដល់អស់១ជីវិតយើង ព្រមទាំងប្រពន្ធ និងកូនប្រុសកូនស្រីរបស់យើងផង
9. ក៏មិនបានធ្វើផ្ទះសំរាប់អាស្រ័យនៅ ហើយគ្មានដំណាំទំពាំងបាយជូរ ឬចំការ ឬពូជពង្រោះណាផង
10. គឺយើងរាល់គ្នាបានអាស្រ័យនៅតែក្នុងត្រសាល ហើយបានស្តាប់បង្គាប់ ទាំងប្រព្រឹត្តតាមគ្រប់សេចក្តីដែលយ៉ូណាដាប ជាព្ធយុកោយើងបានផ្តាំទុក
11. ប៉ុន្តែកាលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានឡើងមកក្នុងស្រុក នោះយើងបាននិយាយគ្នាថា ចូរយើងចូលទៅក្នុងក្រុងយេរូសាឡិម ឲ្យរួចពីពួកទ័ពខាល់ដេ និងពួកទ័ពស៊ីរីចេញ ហេតុនោះបានជាយើងរាល់គ្នា អាស្រ័យនៅក្នុងក្រុងយេរូសាឡិមសព្វថ្ងៃនេះ។
12. នោះព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់យេរេមាថា
13. ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ចូរទៅនិយាយនឹងពួកស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមថា តើឯងរាល់គ្នាមិនព្រមទទួលសេចក្តីប្រៀនប្រដៅ ដើម្បីនឹងស្តាប់តាមពាក្យអញទេឬ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា
14. ឯពាក្យរបស់យ៉ូណាដាប ជាកូនរេកាបដែលបានហាមដល់ពួកកូនចៅ មិនឲ្យផឹកស្រាទំពាំងបាយជូរ នោះបានសំរេចហើយ ដ្បិតគេមិនផឹកសោះ ដរាបដល់សព្វថ្ងៃនេះ ពីព្រោះគេស្តាប់តាមបង្គាប់របស់ព្ធយុកោគេ ឯអញវិញអញបាននិយាយនឹងឯងរាល់គ្នា ព្រមទាំងក្រោកឡើងពីព្រលឹមស្រាង ដើម្បីនឹងប្រាប់ផង តែឯងរាល់គ្នាមិនបានស្តាប់តាមអញសោះ
15. អញក៏បានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបំរើអញ ឲ្យមកឯឯងដែរ ទាំងក្រោកឡើងពីព្រលឹមស្រាង ដើម្បីនឹងចាត់គេផង ឲ្យប្រាប់ថា ចូរឲ្យឯងទាំងអស់គ្នាវិលមកពីផ្លូវអាក្រក់របស់ខ្លួនឥឡូវ ហើយកែកិរិយារបស់ឯងផង កុំឲ្យទៅតាមព្រះដទៃ ដើម្បីគោរពដល់វានោះឡើយ នោះឯងរាល់គ្នានឹងបាននៅជាប់ក្នុងស្រុក ដែលអញបានឲ្យដល់ឯង និងពួកព្ធយុកោឯង តែឯងរាល់គ្នាមិនបានផ្ទៀងត្រចៀក ឬស្តាប់តាមអញសោះ
16. ដូច្នេះ ដោយឃើញថា ពួកកូនចៅយ៉ូណាដាប ជាកូនរេកាប បានសំរេចតាមបង្គាប់របស់ព្ធយុកោគេ ដែលផ្តាំមកនោះ តែជនជាតិទាំងនេះមិនបានស្តាប់តាមអញទេ
17. ហេតុនោះព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំគ្រប់ទាំងសេចក្តីអាក្រក់មកលើពួកយូដា ហើយលើពួកអ្នកនៅក្រុងយេរូសាឡិម ដូចជាអញបានពោលទាស់នឹងគេហើយ ពីព្រោះអញបានប្រាប់ដល់គេ តែគេមិនបានស្តាប់ទេ ហើយអញបានហៅគេ តែគេមិនបានឆ្លើយតបឡើយ។