1. នេះជាព្រះបន្ទូលដែលមកពីព្រះយេហូវ៉ា ដល់យេរេមា នៅក្នុងរាជ្យនៃយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចយូដាថា
2. ចូរទៅឯផ្ទះនៃពួករេកាប និយាយនឹងគេហើយនាំគេចូលទៅឯបន្ទប់១ ក្នុងព្រះវិហារនៃព្រះយេហូវ៉ាចុះ រួចចាក់ស្រាទំពាំងបាយជូរឲ្យគេផឹកទៅ
3. ដូច្នេះ ខ្ញុំក៏នាំយកយ្អាសានា ជាកូនយេរេមា ដែលជាកូនហាបា-ស៊ីនា ព្រមទាំងពួកបងប្អូន និងកូនចៅគាត់ ហើយពូជពង្សនៃពួករេកាបទាំងអស់គ្នា
4. ចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា គឺក្នុងបន្ទប់របស់កូនចៅហាណាន ជាកូនយីកដាលាអ្នកសំណប់របស់ព្រះ ដែលនៅផ្ទាប់នឹងបន្ទប់របស់ពួកចៅហ្វាយ នៅពីលើបន្ទប់របស់ម្អាសេយ៉ា កូនសាលូម ជាអ្នកឆ្មាំទ្វារ
5. រួចខ្ញុំដាក់ដបស្រាទំពាំងបាយជូរ និងពែងនៅមុខកូនចៅនៃពួករេកាប ហើយប្រាប់ថា អញ្ជើញពិសាស្រាទំពាំងបាយជូរចុះ
6. តែគេឆ្លើយតបថា យើងរាល់គ្នាមិនព្រមទទួលទានស្រាទំពាំងបាយជូរទេ ពីព្រោះយ៉ូណាដាប ជាកូនរេកាប ព្ធយុកោយើងបានផ្តាំថា កុំឲ្យឯងរាល់គ្នាផឹកស្រាទំពាំងបាយជូរឡើយ ទោះទាំងឯង ឬកូនចៅឯងតរៀងទៅ
7. ក៏មិនត្រូវឲ្យឯងធ្វើផ្ទះ ឬសាបព្រោះ ឬដាំ ឬមានចំការទំពាំងបាយជូរឡើយ គឺឯងរាល់គ្នាត្រូវនៅក្នុងត្រសាលអស់១ជីវិត ដើម្បីឲ្យបានរស់ជាយឺនយូរ នៅក្នុងស្រុកដែលឯងរាល់គ្នាកំពុងស្នាក់នៅនោះ
8. ហើយយើងរាល់គ្នាបានស្តាប់បង្គាប់យ៉ូណាដាប ជាកូនរេកាប ដែលជាព្ធយុកោយើង តាមគ្រប់ទាំងសេចក្តីដែលគាត់បានផ្តាំមក គឺមិនបានទទួលទានស្រាទំពាំងបាយជូរដរាបដល់អស់១ជីវិតយើង ព្រមទាំងប្រពន្ធ និងកូនប្រុសកូនស្រីរបស់យើងផង
9. ក៏មិនបានធ្វើផ្ទះសំរាប់អាស្រ័យនៅ ហើយគ្មានដំណាំទំពាំងបាយជូរ ឬចំការ ឬពូជពង្រោះណាផង
10. គឺយើងរាល់គ្នាបានអាស្រ័យនៅតែក្នុងត្រសាល ហើយបានស្តាប់បង្គាប់ ទាំងប្រព្រឹត្តតាមគ្រប់សេចក្តីដែលយ៉ូណាដាប ជាព្ធយុកោយើងបានផ្តាំទុក
11. ប៉ុន្តែកាលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានឡើងមកក្នុងស្រុក នោះយើងបាននិយាយគ្នាថា ចូរយើងចូលទៅក្នុងក្រុងយេរូសាឡិម ឲ្យរួចពីពួកទ័ពខាល់ដេ និងពួកទ័ពស៊ីរីចេញ ហេតុនោះបានជាយើងរាល់គ្នា អាស្រ័យនៅក្នុងក្រុងយេរូសាឡិមសព្វថ្ងៃនេះ។
12. នោះព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់យេរេមាថា
13. ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ចូរទៅនិយាយនឹងពួកស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមថា តើឯងរាល់គ្នាមិនព្រមទទួលសេចក្តីប្រៀនប្រដៅ ដើម្បីនឹងស្តាប់តាមពាក្យអញទេឬ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា