5. គឺឯងនឹងស្លាប់ដោយសេចក្តីសុខវិញ ហើយគេនឹងបូជាសពរបស់ឯង ដូចជាបានបូជាភ្លើងថ្វាយ ដល់ពួកព្ធយុកោឯង គឺជាពួកស្តេចដែលនៅមុខឯងដែរ គេនឹងយំទួញនឹងឯងថា ឱព្រះអម្ចាស់អើយ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានចេញវាចាហើយ។
6. នោះហោរាយេរេមា ក៏ទូលគ្រប់ទាំងព្រះបន្ទូលនេះដល់សេដេគា ជាស្តេចយូដា នៅក្រុងយេរូសាឡិម
7. ក្នុងកាលដែលពួកពលទ័ពរបស់ស្តេចបាប៊ីឡូន កំពុងតែច្បាំងនឹងក្រុងយេរូសាឡិម ហើយនឹងអស់ទាំងទីក្រុងនៃស្រុកយូដាដែលនៅសល់ គឺនឹងក្រុងឡាគីស ហើយនឹងក្រុងអាសេកា ដ្បិតក្នុងទីក្រុងនៃស្រុកយូដាទាំងប៉ុន្មាន ដែលមានកំផែង នោះសល់នៅតែប៉ុណ្ណេះទេ។
8. នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ជាពាក្យដែលមកដល់យេរេមា ក្នុងពេលក្រោយដែលស្តេចសេដេគា និងប្រជាជនទាំងឡាយ ដែលនៅក្រុងយេរូសាឡិម បានតាំងសេចក្តីសញ្ញា ដើម្បីនឹងប្រកាសប្រាប់ពីការប្រោសលែងដល់គេ
9. គឺឲ្យគ្រប់ទាំងមនុស្សបានបើកឲ្យបាវប្រុសបាវស្រីរបស់ខ្លួន ដែលជាសាសន៍ហេព្រើររួចចេញទៅ ហើយកុំឲ្យអ្នកណាចាប់ប្រើសាសន៍ហេព្រើរ ដែលជាបងប្អូននឹងគ្នា ទុកជាបាវបំរើទៀតឡើយ
10. ពួកចៅហ្វាយទាំងប៉ុន្មាន និងបណ្តាជនទាំងឡាយ ដែលបានចូលក្នុងសេចក្តីសញ្ញានេះ ក៏ស្តាប់បង្គាប់តាម ដើម្បីនឹងបើកលែងបាវប្រុសបាវស្រីរបស់ខ្លួន ឲ្យរួចចេញទៅ ឥតមានអ្នកណាចាប់ប្រើគេទុកជាបាវបំរើទៀត គេក៏ស្តាប់តាម ហើយលែងអ្នកទាំងនោះឲ្យរួចចេញទៅ
11. ប៉ុន្តែក្រោយមក គេក៏បែរជាបង្ខំបាវប្រុស បាវស្រីទាំងប៉ុន្មាន ដែលគេបានលែងទៅហើយនោះ ឲ្យវិលមកនៅក្នុងបង្គាប់ខ្លួន និងធ្វើជាបាវប្រុសបាវស្រីវិញទៀត។
12. ហេតុនោះ ព្រះបន្ទូលក៏មកពីព្រះយេហូវ៉ា ដល់យេរេមាថា
13. ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានព្រះបន្ទូលដូច្នេះ អញបានតាំងសេចក្តីសញ្ញានឹងពួកព្ធយុកោឯងរាល់គ្នា នៅថ្ងៃដែលអញបាននាំគេចេញពីស្រុកអេស៊ីព្ទ ឲ្យរួចពីសណ្ឋានជាបាវបំរើ ដោយពាក្យថា
14. លុះផុត៧ឆ្នាំហើយ នោះឯងរាល់គ្នាត្រូវលែងបងប្អូនឯង ជាសាសន៍ហេព្រើរដែលបានលក់ខ្លួនដល់ឯង ហើយបានបំរើឯងអស់៦ឆ្នាំ គឺឯងត្រូវលែងគេឲ្យរួចចេញពីឯងទៅ ប៉ុន្តែពួកព្ធយុកោឯងរាល់គ្នាមិនបានស្តាប់តាមអញទេ ក៏មិនបានផ្ទៀងត្រចៀកផង