17. ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ឯងរាល់គ្នាមិនបានស្តាប់តាមអញ ដើម្បីនឹងប្រកាសប្រាប់ពីសេចក្តីប្រោសលោះ ដល់បងប្អូនឯងរៀងខ្លួន និងដល់អ្នកជិតខាងឯងរៀងខ្លួនទេ ដូច្នេះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញប្រកាសប្រាប់ពីសេចក្តីប្រោសលោះដល់ឯងរាល់គ្នាវិញ គឺឲ្យរួចចេញទៅដល់ដាវ ដល់អាសន្នរោគ ហើយដល់អំណត់អត់ដែរ អញនឹងធ្វើឲ្យឯងរាល់គ្នាត្រូវសាត់អណ្តែតទៅមក កណ្តាលអស់ទាំងនគរនៅផែនដី
18. ហើយអញនឹងប្រគល់ពួកមនុស្ស ដែលបានក្បត់នឹងសេចក្តីសញ្ញារបស់អញ ជាពួកអ្នកដែលមិនបានធ្វើតាមពាក្យនៃសេចក្តីសញ្ញា ដែលគេបានតាំងនៅមុខអញ ក្នុងកាលដែលគេបានពុះកូនគោជា២ចំហៀង រួចដើរនៅកណ្តាលចំហៀងទាំង២នោះ
19. ជាពួកចៅហ្វាយនៃស្រុកយូដា ពួកចៅហ្វាយនៃក្រុងយេរូសាឡិម ពួកសេនាបតី ពួកសង្ឃ និងពួកជនទាំងឡាយនៅក្នុងស្រុកដែលបានដើរកណ្តាលចំហៀងនៃកូនគោនោះ
20. គឺអញនឹងប្រគល់គេទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវរបស់គេ ហើយក្នុងកណ្តាប់ដៃនៃពួកអ្នក ដែលរកជីវិតគេ ឯសាកសពរបស់គេនឹងជាចំណី ដល់សត្វហើរលើអាកាស និងសត្វជើង៤នៅផែនដី
21. ហើយអញនឹងប្រគល់សេដេគាជាស្តេចយូដា និងពួកចៅហ្វាយ ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ហើយក្នុងកណ្តាប់ដៃនៃពួកអ្នក ដែលរកជីវិតគេ និងក្នុងកណ្តាប់ដៃនៃពួកទ័ពរបស់ស្តេចបាប៊ីឡូនដែលទើបនឹងថយចេញពីឯងរាល់គ្នានោះ
22. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញនឹងបង្គាប់ ហើយនឹងធ្វើឲ្យគេវិលមកឯទីក្រុងនេះវិញ នោះគេនឹងច្បាំងចាប់យកទីក្រុងនេះបាន រួចដុតនឹងភ្លើងចោល អញនឹងធ្វើឲ្យទីក្រុងទាំងប៉ុន្មាននៃស្រុកយូដាត្រូវខូចបង់ ឥតមានអ្នកណានៅ។