1. នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់យេរេមា ក្នុងកាលដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន និងពលទ័ពទាំងប៉ុន្មានរបស់គេ ហើយអស់ទាំងនគរនៅផែនដីដែលនៅក្រោមអំណាចគេ ព្រមទាំងប្រជាជាតិទាំងឡាយកំពុងតែច្បាំងនឹងក្រុងយេរូសាឡិម ហើយនឹងទីក្រុងទាំងប៉ុន្មាន គឺថា
2. ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានព្រះបន្ទូលដូច្នេះ ចូរទៅទូលសេដេគា ជាស្តេចយូដាថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងប្រគល់ទីក្រុងនេះ ទៅក្នុងកណ្តាប់ដៃ នៃស្តេចបាប៊ីឡូន ហើយគេនឹងដុតចោល
3. ឯឯងនឹងមិនរួចពីកណ្តាប់ដៃនៃគេដែរ គឺនឹងត្រូវចាប់បាន ហើយប្រគល់ទៅក្នុងកណ្តាប់ដៃគេជាពិត ឯងនឹងឃើញស្តេចបាប៊ីឡូនប្រទល់មុខគ្នា ហើយគេនឹងនិយាយនឹងឯងផ្ទាល់មាត់ រួចឯងនឹងត្រូវទៅឯក្រុងបាប៊ីឡូន
4. ប៉ុន្តែ ឱសេដេគាជាស្តេចយូដាអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរទ្រង់ថា ឯងនឹងមិនស្លាប់ដោយដាវទេ
5. គឺឯងនឹងស្លាប់ដោយសេចក្តីសុខវិញ ហើយគេនឹងបូជាសពរបស់ឯង ដូចជាបានបូជាភ្លើងថ្វាយ ដល់ពួកព្ធយុកោឯង គឺជាពួកស្តេចដែលនៅមុខឯងដែរ គេនឹងយំទួញនឹងឯងថា ឱព្រះអម្ចាស់អើយ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានចេញវាចាហើយ។