15. នៅគ្រានោះ គឺនៅជាន់នោះឯង អញនឹងធ្វើឲ្យមានលំពង់ដ៏សុចរិតពន្លកឡើងដល់ដាវីឌ លំពង់នោះទ្រង់នឹងសំរេចសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតនៅក្នុងស្រុក
16. នៅគ្រានោះ ពួកយូដានឹងបានសង្គ្រោះ ហើយក្រុងយេរូសាឡិមនឹងនៅដោយសុខសាន្ត ឯលំពង់នោះ គេនឹងហៅថា «ព្រះយេហូវ៉ាដ៏ជាសេចក្តីសុចរិតនៃយើងរាល់គ្នា»
17. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដាវីឌនឹងមិនដែលអាក់ខានមានមនុស្ស សំរាប់អង្គុយលើបល្ល័ង្ករបស់ពូជពង្សនៃអ៊ីស្រាអែលឡើយ
18. ហើយពួកសង្ឃ និងពួកលេវី ក៏មិនដែលអាក់ខានមានមនុស្ស នៅចំពោះអញសំរាប់ថ្វាយដង្វាយដុត ដង្វាយម្សៅ ហើយនឹងយញ្ញបូជាជាប់នៅជានិច្ចដែរ។
19. ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់យេរេមាថា
20. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ បើសិនជាឯងរាល់គ្នាអាចនឹងផ្តាច់សេចក្តីសញ្ញារបស់អញ ពីដំណើរថ្ងៃ និងយប់ ដើម្បីមិនឲ្យមានថ្ងៃ ឬយប់តាមធម្មតាបាន
21. នោះសេចក្តីសញ្ញាដែលអញបានតាំងនឹងដាវីឌ ជាអ្នកបំរើអញក៏នឹងផ្តាច់ទៅបានដែរ ដើម្បីមិនឲ្យដាវីឌមានកូនចៅណាមួយសោយរាជ្យ នៅលើបល្ល័ង្ករបស់លោក ព្រមទាំងសេចក្តីសញ្ញា ដែលតាំងនឹងពួកលេវីដ៏ជាសង្ឃ ជាពួកអ្នកដែលទទួលការងាររបស់អញផង
22. ហើយដូចជាពុំអាចនឹងរាប់ពួកពលបរិវារនៅលើមេឃ ឬវាល់ខ្សាច់នៅសមុទ្រជាយ៉ាងណា នោះអញនឹងចំរើនពូជដាវីឌ ជាអ្នកបំរើអញ និងពួកលេវី ជាពួកអ្នកទទួលការងាររបស់អញឲ្យមានច្រើនឡើងយ៉ាងនោះដែរ។
23. រួចព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់យេរេមាថា
24. ឯងមិនបានពិចារណាសេចក្តីដែលជនជាតិទាំងនេះពោលថា គ្រួទាំង២ដែលព្រះយេហូវ៉ាបានរើសតាំង នោះទ្រង់បានបោះបង់ចោលវិញទេឬអី គឺយ៉ាងនោះដែលគេមើលងាយដល់រាស្ត្រអញ ដោយបំណងនឹងឲ្យគេលែងធ្វើជានគរនៅមុខខ្លួនតទៅ
25. ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា បើសិនជាសេចក្តីសញ្ញាពីដំណើរថ្ងៃ ហើយនឹងយប់ មិនស្ថិតស្ថេរនៅ បើអញមិនបានតាំងអស់ទាំងរបៀបនៃផ្ទៃមេឃ និងផែនដីទេ
26. នោះអញនឹងបោះបង់ចោលពូជពង្សយ៉ាកុប និងដាវីឌ ជាអ្នកបំរើរបស់អញបានដែរ ដើម្បីមិនឲ្យពូជលោកណាមួយបានតាំងឡើងជាអ្នកគ្រប់គ្រង លើពូជនៃអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបឡើយ ដ្បិតអញនឹងនាំពួកគេ ដែលជាប់ជាឈ្លើយ ឲ្យបានមកវិញ ហើយនឹងអាណិតមេត្តាដល់គេផង។