យេរេមា 33:15-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. នៅ​គ្រា​នោះ គឺ​នៅ​ជាន់​នោះ​ឯង អញ​នឹង​ធ្វើ​ឲ្យ​មាន​លំពង់​ដ៏​សុចរិត​ពន្លក​ឡើង​ដល់​ដាវីឌ លំពង់​នោះ​ទ្រង់​នឹង​សំរេច​សេចក្តី​យុត្តិ‌ធម៌ និង​សេចក្តី​សុចរិត​នៅ​ក្នុង​ស្រុក

16. នៅ​គ្រា​នោះ ពួក​យូដា​នឹង​បាន​សង្គ្រោះ ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​នៅ​ដោយ​សុខ‌សាន្ត ឯ​លំពង់​នោះ គេ​នឹង​ហៅ​ថា «ព្រះ‌យេហូវ៉ា​ដ៏​ជា​សេចក្តី​សុចរិត​នៃ​យើង​រាល់​គ្នា»

17. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដាវីឌ​នឹង​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស សំរាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ពូជ‌ពង្ស​នៃ​អ៊ីស្រា‌អែល​ឡើយ

18. ហើយ​ពួក​សង្ឃ និង​ពួក​លេវី ក៏​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស នៅ​ចំពោះ​អញ​សំរាប់​ថ្វាយ​ដង្វាយ​ដុត ដង្វាយ​ម្សៅ ហើយ​នឹង​យញ្ញ‌បូជា​ជាប់​នៅ​ជានិច្ច​ដែរ។

19. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​យេរេមា​ថា

20. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ បើ​សិន​ជា​ឯង​រាល់​គ្នា​អាច​នឹង​ផ្តាច់​សេចក្តី​សញ្ញា​របស់​អញ ពី​ដំណើរ​ថ្ងៃ និង​យប់ ដើម្បី​មិន​ឲ្យ​មាន​ថ្ងៃ ឬ​យប់​តាម​ធម្មតា​បាន

យេរេមា 33