1. ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់យេរេមាម្តងទៀត ក្នុងកាលដែលលោកនៅជាប់ឃុំក្នុងទីលានគុកថា
2. ព្រះយេហូវ៉ាដែលធ្វើការទាំងនេះ គឺព្រះយេហូវ៉ាដែលជបសូនបង្កើត ដើម្បីនឹងតាំងឡើង ដែលមានព្រះនាមជាព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា
3. ចូរអំពាវនាវដល់អញ នោះអញនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យឯងឃើញការយ៉ាងធំ ហើយមុតមាំ ដែលឯងមិនដឹង
4. ដ្បិតព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលពីដំណើរអស់ទាំងផ្ទះនៅទីក្រុងនេះ និងពីដំណាក់ស្តេចយូដា ដែលត្រូវរំលំ ដោយសារប្រដាប់ចំបាំង ហើយនឹងដាវ
5. ដែលគេចាកចេញទៅតយុទ្ធ នឹងពួកខាល់ដេ ហើយក៏បំពេញផ្ទះទាំងនោះ ដោយសាកសពនៃមនុស្ស ដែលអញសំឡាប់ ដោយសេចក្តីកំហឹង និងសេចក្តីឃោរឃៅរបស់អញ ហើយបានគេចមុខចេញពីទីក្រុងនេះ ដោយព្រោះអស់ទាំងអំពើអាក្រក់ទាំងប៉ុន្មានរបស់គេ
6. មើល អញនឹងនាំសេចក្តីសុខស្រួល និងការរំងាប់រោគមកដល់ ហើយនឹងមើលគេឲ្យជា ព្រមទាំងបើកសេចក្តីសុខ និងសេចក្តីពិតជាបរិបូរឲ្យគេឃើញ
7. អញនឹងធ្វើឲ្យពួកយូដា និងពួកអ៊ីស្រាអែល ដែលជាឈ្លើយវិលមកវិញ ហើយនឹងសង់គេឡើងដូចកាលដើម
8. ក៏នឹងសំអាតគេ ឲ្យស្អាតពីអស់ទាំងអំពើទុច្ចរិតរបស់គេ ជាអំពើដែលគេបានប្រព្រឹត្តរំលងនឹងអញ ហើយអញនឹងអត់ទោសចំពោះអស់ទាំងសេចក្តីទុច្ចរិត ដែលគេបានធ្វើបាប ហើយប្រព្រឹត្តរំលងនឹងអញនោះ