1. ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់យេរេមាម្តងទៀត ក្នុងកាលដែលលោកនៅជាប់ឃុំក្នុងទីលានគុកថា
2. ព្រះយេហូវ៉ាដែលធ្វើការទាំងនេះ គឺព្រះយេហូវ៉ាដែលជបសូនបង្កើត ដើម្បីនឹងតាំងឡើង ដែលមានព្រះនាមជាព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា
3. ចូរអំពាវនាវដល់អញ នោះអញនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យឯងឃើញការយ៉ាងធំ ហើយមុតមាំ ដែលឯងមិនដឹង
4. ដ្បិតព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលពីដំណើរអស់ទាំងផ្ទះនៅទីក្រុងនេះ និងពីដំណាក់ស្តេចយូដា ដែលត្រូវរំលំ ដោយសារប្រដាប់ចំបាំង ហើយនឹងដាវ
5. ដែលគេចាកចេញទៅតយុទ្ធ នឹងពួកខាល់ដេ ហើយក៏បំពេញផ្ទះទាំងនោះ ដោយសាកសពនៃមនុស្ស ដែលអញសំឡាប់ ដោយសេចក្តីកំហឹង និងសេចក្តីឃោរឃៅរបស់អញ ហើយបានគេចមុខចេញពីទីក្រុងនេះ ដោយព្រោះអស់ទាំងអំពើអាក្រក់ទាំងប៉ុន្មានរបស់គេ
6. មើល អញនឹងនាំសេចក្តីសុខស្រួល និងការរំងាប់រោគមកដល់ ហើយនឹងមើលគេឲ្យជា ព្រមទាំងបើកសេចក្តីសុខ និងសេចក្តីពិតជាបរិបូរឲ្យគេឃើញ
7. អញនឹងធ្វើឲ្យពួកយូដា និងពួកអ៊ីស្រាអែល ដែលជាឈ្លើយវិលមកវិញ ហើយនឹងសង់គេឡើងដូចកាលដើម
8. ក៏នឹងសំអាតគេ ឲ្យស្អាតពីអស់ទាំងអំពើទុច្ចរិតរបស់គេ ជាអំពើដែលគេបានប្រព្រឹត្តរំលងនឹងអញ ហើយអញនឹងអត់ទោសចំពោះអស់ទាំងសេចក្តីទុច្ចរិត ដែលគេបានធ្វើបាប ហើយប្រព្រឹត្តរំលងនឹងអញនោះ
9. ឯទីក្រុងនេះ នឹងបានសំរាប់ជាហេតុនាំឲ្យអរសប្បាយដល់អញ សំរាប់ជាសេចក្តីសរសើរ និងសិរីល្អផង នៅចំពោះអស់ទាំងនគរនៅផែនដី ជាពួកអ្នកដែលនឹងឮនិយាយពីអស់ទាំងការល្អ ដែលអញប្រោសដល់គេ រួចគេនឹងកោតខ្លាច ហើយភ័យញ័រដោយព្រោះគ្រប់ទាំងសេចក្តីល្អ និងសេចក្តីសុខទាំងប៉ុន្មាន ដែលអញផ្តល់ដល់គេ។
10. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា នៅទីនេះដែលឯងរាល់គ្នាថា ជាទីខូចបង់ឥតមានមនុស្ស ឬសត្វណានៅទៀត គឺនៅក្នុងទីក្រុងនៃស្រុកយូដាទាំងប៉ុន្មាន ហើយនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិម ដែលចោលស្ងាត់នេះ ឥតមានអ្នកណាអាស្រ័យនៅ ឬមនុស្ស ឬសត្វណាឡើយ នោះនឹងមានឮសំឡេងមនុស្សម្តងទៀត
11. ជាសំឡេងអរសប្បាយ និងសំឡេងរីករាយ គឺសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី និងសំឡេងពួកអ្នកដែលពោលថា ចូរលើកសរសើរព្រះយេហូវ៉ានៃពួកពលបរិវារ ដ្បិតព្រះយេហូវ៉ាទ្រង់ល្អ ពីព្រោះសេចក្តីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅអស់កល្ប ហើយសំឡេងរបស់ពួកដែលនាំយកដង្វាយអរព្រះគុណចូលក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ ដ្បិតអញនឹងធ្វើឲ្យពួកអ្នកស្រុកនេះ ដែលនៅជាឈ្លើយ បានវិលមកវិញដូចកាលពីដើម នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
12. ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា នៅស្រុកនេះដែលខូចបង់ ឥតមានមនុស្ស ឬសត្វណាសោះ ហើយនៅអស់ទាំងទីក្រុង នោះនឹងមានទីលំនៅរបស់ពួកអ្នកគង្វាល ដែលឲ្យហ្វូងសត្វរបស់គេដេកសំរាកម្តងទៀត