8. ដូច្នេះហាណាមាល ជាកូនរបស់ឪពុកធំខ្ញុំ ក៏មកឯខ្ញុំនៅក្នុងទីលានគុក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយគាត់និយាយនឹងខ្ញុំថា សូមទទួលបញ្ចាំចំការរបស់ខ្ញុំ ដែលនៅឯអាន៉ាថោត ក្នុងស្រុកបេនយ៉ាមីនទៅ ដ្បិតអ្នកមានច្បាប់នឹងគ្រងបានជាមរដក ហើយអំណាចលោះក៏ស្រេចនៅលើអ្នកដែរ ដូច្នេះ សូមទទួលបញ្ចាំ ទុកសំរាប់ខ្លួនអ្នកចុះយ៉ាងនោះទើបខ្ញុំបានដឹងថា ជាព្រះបន្ទូលនៃព្រះយេហូវ៉ាពិត
9. ខ្ញុំក៏ទទួលបញ្ចាំចំការ ដែលនៅឯអាន៉ាថោត ពីហាណាមាល ជាកូនរបស់ឪពុកធំខ្ញុំ ហើយបានថ្លឹងប្រាក់១៧រៀលឲ្យដល់គាត់
10. ក៏ធ្វើសំបុត្រ ហើយបិទត្រា រួចហៅស្មរបន្ទាល់មក ហើយថ្លឹងប្រាក់ក្នុងជញ្ជីងប្រគល់ដល់គាត់
11. ដូច្នេះ ខ្ញុំបានយកសំបុត្របញ្ចាំ ទាំងសំបុត្រដែលបិទត្រាតាមច្បាប់ តាមទំនៀម និងសំបុត្រ១ដែលនៅបើកដែរ
12. រួចប្រគល់សំបុត្របញ្ចាំដល់បារូក ជាកូននេរីយ៉ាដែលជាកូនម៉ាសេយ៉ានៅចំពោះមុខហាណាមាលជាកូនរបស់ឪពុកធំខ្ញុំ និងនៅចំពោះពួកស្មរបន្ទាល់ ដែលបានចុះឈ្មោះក្នុងសំបុត្របញ្ចាំនោះ នៅមុខពួកយូដាទាំងប៉ុន្មាន ដែលអង្គុយនៅទីលាននៃគុក
13. ខ្ញុំក៏ផ្តាំបារូកនៅមុខគេថា
14. ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ចូរយកសំបុត្របញ្ចាំនេះ គឺជាសំបុត្របញ្ចាំដែលបិទត្រា និងសំបុត្រដែលនៅចំហ ទៅដាក់ក្នុងភាជនៈដី ដើម្បីឲ្យបានទុកជាយូរថ្ងៃតទៅ
15. ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា នឹងមានគេបញ្ចាំទាំងផ្ទះ និងចំការ ហើយនឹងដំណាំទំពាំងបាយជូរនៅក្នុងស្រុកនេះទៀត។
16. ក្រោយដែលខ្ញុំបានប្រគល់សំបុត្របញ្ចាំដល់បារូកជាកូននេរីយ៉ាហើយ នោះខ្ញុំក៏អធិស្ឋានដល់ព្រះយេហូវ៉ាថា
17. ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី ដោយសារព្រះចេស្តាដ៏ធំរបស់ទ្រង់ និងព្រះពាហុដ៏លើកសំរេច គ្មានអ្វីដែលពិបាកពេកដល់ទ្រង់ទេ
18. គឺទ្រង់សំដែងសេចក្តីសប្បុរស ដល់មនុស្សទាំងពាន់ៗ ហើយក៏សងអំពើទុច្ចរិតរបស់ពួកព្ធយុកោ ទៅលើទ្រូងនៃពួកកូនចៅគេ នៅតាមក្រោយ ទ្រង់ជាព្រះដ៏ធំហើយមានឫទ្ធិ ព្រះនាមទ្រង់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ
19. ទ្រង់ប្រសប់ក្នុងការជួយគំនិត ហើយក៏មានឫទ្ធិក្នុងការធ្វើ ព្រះនេត្រទ្រង់ទតឃើញអញទាំងផ្លូវរបស់ពួកមនុស្សជាតិ ដើម្បីនឹងសងគ្រប់គ្នាតាមផ្លូវគេប្រព្រឹត្ត ហើយតាមផលនៃកិរិយារបស់គេរៀងខ្លួន