18. គឺទ្រង់សំដែងសេចក្តីសប្បុរស ដល់មនុស្សទាំងពាន់ៗ ហើយក៏សងអំពើទុច្ចរិតរបស់ពួកព្ធយុកោ ទៅលើទ្រូងនៃពួកកូនចៅគេ នៅតាមក្រោយ ទ្រង់ជាព្រះដ៏ធំហើយមានឫទ្ធិ ព្រះនាមទ្រង់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ
19. ទ្រង់ប្រសប់ក្នុងការជួយគំនិត ហើយក៏មានឫទ្ធិក្នុងការធ្វើ ព្រះនេត្រទ្រង់ទតឃើញអញទាំងផ្លូវរបស់ពួកមនុស្សជាតិ ដើម្បីនឹងសងគ្រប់គ្នាតាមផ្លូវគេប្រព្រឹត្ត ហើយតាមផលនៃកិរិយារបស់គេរៀងខ្លួន
20. ទ្រង់ក៏បានធ្វើទីសំគាល់ និងការអស្ចារ្យនៅស្រុកអេស៊ីព្ទ ដរាបដល់សព្វថ្ងៃនេះ ព្រមទាំងនៅពួកអ៊ីស្រាអែល ហើយកណ្តាលពួកមនុស្សដទៃផង ទ្រង់ក៏បានតាំងកិត្តិនាមរបស់ទ្រង់ឡើងដូចជាមានសព្វថ្ងៃនេះ
21. ហើយបាននាំអ៊ីស្រាអែល ជារាស្ត្រទ្រង់ ចេញពីស្រុកអេស៊ីព្ទមក ដោយទីសំគាល់ និងការអស្ចារ្យ ដោយព្រះហស្តខ្លាំងពូកែ និងព្រះពាហុលើកសំរេច ព្រមទាំងការស្ញែងខ្លាចយ៉ាងធំផង
22. ក៏បានប្រទានស្រុកនេះឲ្យដល់គេ ជាស្រុកដែលទ្រង់បានស្បថនឹងពួកព្ធយុកោ ថានឹងឲ្យដល់គេ គឺជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ
23. គេក៏ចូលមកចាប់យកស្រុក ប៉ុន្តែមិនបានស្តាប់តាមព្រះបន្ទូលនៃទ្រង់ ឬដើរតាមក្រឹត្យវិន័យរបស់ទ្រង់ឡើយ ក៏មិនបានធ្វើអ្វី១ដែលទ្រង់បានបង្គាប់ដល់គេដែរ ហេតុនោះបានជាទ្រង់បណ្តាល ឲ្យការអាក្រក់ទាំងនេះមកលើគេ
24. មើល ប្រដាប់ចំបាំងរបស់ពួកខាល់ដេបានមកដល់ ដើម្បីនឹងចាប់យកទីក្រុង ក្រុងនេះបានត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ ដែលមកតយុទ្ធហើយ គឺត្រូវប្រគល់ទៅដោយចាញ់ដាវ អំណត់អត់ និងអាសន្នរោគ ឯអស់ទាំងការដែលទ្រង់បានមានព្រះបន្ទូល នោះបានកើតមកហើយ ទ្រង់ក៏ទតឃើញដែរ
25. ហើយ ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់បានមានព្រះបន្ទូលមកទូលបង្គំថា ចូរឯងទទួលបញ្ចាំចំការដោយប្រាក់ ហើយហៅស្មរបន្ទាល់មក តែទីក្រុងនេះបានត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេហើយ។
26. លំដាប់នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់យេរេមាថា
27. មើល អញនេះជាព្រះយេហូវ៉ា ជាព្រះនៃគ្រប់ទាំងសាច់ តើមានការអ្វីដែលពិបាកពេកដល់អញដែរឬ
28. ហេតុនេះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញនឹងប្រគល់ទីក្រុងនេះទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ គឺក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយគេនឹងចាប់យកបាន
29. ពួកខាល់ដេ ដែលតយុទ្ធនឹងទីក្រុងនេះ គេនឹងចូលមកដុតចោល ព្រមទាំងផ្ទះទាំងប៉ុន្មានផង ជាទីដែលមនុស្សបានដុតកំញានថ្វាយដល់ព្រះបាល ហើយច្រួចដង្វាយច្រួចដល់ព្រះដទៃនៅលើដំបូល ជាការដែលបណ្តាលឲ្យអញខឹង
30. ពីព្រោះពួកកូនចៅអ៊ីស្រាអែល និងពួកកូនចៅយូដា បានប្រព្រឹត្តសុទ្ធតែការដែលអាក្រក់ នៅភ្នែកអញ តាំងតែពីក្មេងមក ដ្បិតពួកកូនចៅអ៊ីស្រាអែលបានបណ្តាលឲ្យអញខឹង ដោយការដែលដៃគេធ្វើ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា