1. នេះជាព្រះបន្ទូលដែលមកពីព្រះយេហូវ៉ា ដល់យេរេមា ក្នុងឆ្នាំទី១០ នៃរាជ្យសេដេគា ស្តេចយូដា ដែលត្រូវនឹងឆ្នាំទី១៨នៃរាជ្យនេប៊ូក្នេសា
2. រីឯគ្រានោះ ពួកទ័ពរបស់ស្តេចបាប៊ីឡូន កំពុងឡោមព័ទ្ធ ច្បាំងនឹងក្រុងយេរូសាឡិម ហើយហោរាយេរេមាត្រូវឃុំទុកនៅក្នុងទីលានគុក ដែលនៅក្នុងវាំងនៃស្តេចយូដា
3. ពីព្រោះសេដេគាជាស្តេចយូដា បានឃុំលោក ដោយពាក្យថា ហេតុអ្វីបានជាឯងទាយថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើលអញនឹងប្រគល់ក្រុងនេះ ទៅក្នុងកណ្តាប់ដៃស្តេចបាប៊ីឡូន ហើយគេនឹងចាប់យកបាន
4. ហើយសេដេគា ជាស្តេចយូដានឹងមិនរួចពីកណ្តាប់ដៃនៃពួកខាល់ដេឡើយ គឺនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចស្រុកបាប៊ីឡូនជាពិត ហើយនឹងនិយាយនឹងគេផ្ទាល់មាត់គ្នា ឯភ្នែកទ្រង់ក៏នឹងឃើញភ្នែកគេដែរ
5. គេនឹងនាំយកសេដេគា ទៅឯក្រុងបាប៊ីឡូន ហើយទ្រង់នឹងត្រូវនៅទីនោះទាល់តែអញប្រោស នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ទោះបើឯងរាល់គ្នាតស៊ូនឹងពួកខាល់ដេក៏ដោយ គង់តែនឹងឈ្នះមិនបានដែរ។
6. យេរេមានិយាយថា ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំ ប្រាប់ដូច្នេះ
7. មើល ហាណាមាល ជាកូនសាលូម ឪពុកធំឯង នឹងមកនិយាយនឹងឯងថា សូមទទួលបញ្ចាំចំការរបស់ខ្ញុំដែលនៅឯអាន៉ាថោតទៅ ដ្បិតអំណាចដែលនឹងលោះបងប្អូន នោះស្រេចនឹងអ្នកទេ