7. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរច្រៀងដោយចិត្តអរសប្បាយ ព្រោះពួកយ៉ាកុប ហើយស្រែកឡើងដោយអំណរ ដោយព្រោះមេប្រធាននៃអស់ទាំងសាសន៍ ចូរប្រកាសប្រាប់ចុះ ចូរលើកសរសើរ ដោយពាក្យថា ឱព្រះយេហូវ៉ាអើយ សូមជួយសង្គ្រោះសំណល់នៃសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ផង
8. មើល អញនឹងនាំគេមកស្រុកខាងជើង ហើយនឹងប្រមូលគេពីចុងផែនដីបំផុត មានទាំងពួកខ្វាក់ ពួកខ្វិន ស្រីមានទំងន់ និងស្រីដែលរៀបនឹងសំរាលកូនផង ជាពួកមនុស្សយ៉ាងធំ ដែលនឹងវិលមកនៅទីនេះវិញ
9. គេនឹងមកដោយទឹកភ្នែក និងពាក្យទូលអង្វរ អញនឹងនាំមុខគេ ហើយដំរង់គេដើរទៅក្បែរមាត់ទន្លេ តាមផ្លូវត្រង់ ជាផ្លូវដែលគេមិនចំពប់ដួលឡើយ ដ្បិតអញជាឪពុកដល់សាសន៍អ៊ីស្រាអែល ហើយពួកអេប្រាអិមជាកូនច្បងរបស់អញ។
10. ឱសាសន៍ដទៃទាំងប៉ុន្មានអើយ ចូរឲ្យឯងរាល់គ្នាស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយថ្លែងប្រាប់ដល់ពួកកោះដែលនៅឆ្ងាយថា ព្រះដែលបានកំចាត់កំចាយសាសន៍អ៊ីស្រាអែលទៅ ទ្រង់នឹងប្រមូលគេមកវិញ ហើយនឹងរក្សាគេ ដូចជាអ្នកគង្វាលឃ្វាលហ្វូងចៀមរបស់ខ្លួន
11. ពីព្រោះព្រះយេហូវ៉ាទ្រង់បានលោះយ៉ាកុបហើយ ទ្រង់បានដោះគេចេញពីកណ្តាប់ដៃនៃពួកអ្នកដែលខ្លាំងជាងខ្លួន
12. គេនឹងមក ហើយច្រៀងនៅលើទីខ្ពស់នៃភ្នំស៊ីយ៉ូន ហើយនឹងមកហូរហែ ដល់សេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា គឺមកដល់ស្រូវ ទឹកទំពាំងបាយជូរ ប្រេង និងកូនចៀម កូនគោ ពីហ្វូងសត្វ ហើយព្រលឹងគេនឹងបានដូចជាសួនច្បារ ដែលមានទឹកស្រោច នោះគេនឹងមិនមានសេចក្តីព្រួយទៀតឡើយ
13. គ្រានោះ នាងក្រមុំនឹងមានចិត្តរីករាយក្នុងការលោតកញ្ឆេង ព្រមទាំងពួកកំឡោះៗ និងពួកចាស់ៗទាំងអស់គ្នាផង ដ្បិតអញនឹងបំប្រែសេចក្តីសោកសៅរបស់គេទៅជាសេចក្តីអំណរវិញ ហើយកំសាន្តចិត្តគេ ព្រមទាំងឲ្យគេរីករាយចេញពីសេចក្តីទុក្ខព្រួយរបស់គេ
14. អញក៏នឹងចំអែតព្រលឹងនៃពួកសង្ឃ ដោយសេចក្តីបរិបូរ ហើយរាស្ត្រអញនឹងបានស្កប់ចិត្ត ដោយសេចក្តីសប្បុរសរបស់អញ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
15. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា មានឮសូរសំឡេងនៅរ៉ាម៉ា ជាសូរទំនួញ និងសូរយំយ៉ាងជូរចត់ គឺនាងរ៉ាជែលយំនឹងកូននាង ហើយមិនព្រមកំសាន្តចិត្ត ពីដំណើរកូនសោះ ដ្បិតវាវិនាសបាត់ហើយ
16. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរទប់សំឡេងឯងមិនឲ្យយំ និងភ្នែកឯងមិនឲ្យហូរសស្រាក់ឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ការរបស់ឯងនឹងបានរង្វាន់ជាពិត ហើយវារាល់គ្នានឹងវិលមកពីស្រុករបស់ខ្មាំងសត្រូវវិញ