4. ឱព្រហ្មចារីនៃសាសន៍អ៊ីស្រាអែលអើយ អញនឹងសង់ឯងឡើងវិញ នោះឯងនឹងបានតាំងនៅ ឯងនឹងបានតាក់តែងដោយក្រាប់ជាថ្មីទៀត ព្រមទាំងចេញទៅលោតកញ្ឆេងជាមួយនឹងពួកអ្នកដែលលេងសប្បាយ
5. ឯងនឹងដាំដំណាំទំពាំងបាយជូរនៅលើភ្នំស្រុកសាម៉ារីទៀត ម្ចាស់ដំណាំនឹងដាំទៅ ហើយទទួលផលផង
6. ដ្បិតនឹងមានថ្ងៃមកដល់ ដែលពួកយាមនៅលើភ្នំស្រុកអេប្រាអិម នឹងស្រែកឡើងថា ចូរក្រោកឡើង យើងនឹងឡើងទៅឯព្រះយេហូវ៉ា ជាព្រះនៃយើងនៅក្រុងស៊ីយ៉ូន។
7. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរច្រៀងដោយចិត្តអរសប្បាយ ព្រោះពួកយ៉ាកុប ហើយស្រែកឡើងដោយអំណរ ដោយព្រោះមេប្រធាននៃអស់ទាំងសាសន៍ ចូរប្រកាសប្រាប់ចុះ ចូរលើកសរសើរ ដោយពាក្យថា ឱព្រះយេហូវ៉ាអើយ សូមជួយសង្គ្រោះសំណល់នៃសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ផង
8. មើល អញនឹងនាំគេមកស្រុកខាងជើង ហើយនឹងប្រមូលគេពីចុងផែនដីបំផុត មានទាំងពួកខ្វាក់ ពួកខ្វិន ស្រីមានទំងន់ និងស្រីដែលរៀបនឹងសំរាលកូនផង ជាពួកមនុស្សយ៉ាងធំ ដែលនឹងវិលមកនៅទីនេះវិញ
9. គេនឹងមកដោយទឹកភ្នែក និងពាក្យទូលអង្វរ អញនឹងនាំមុខគេ ហើយដំរង់គេដើរទៅក្បែរមាត់ទន្លេ តាមផ្លូវត្រង់ ជាផ្លូវដែលគេមិនចំពប់ដួលឡើយ ដ្បិតអញជាឪពុកដល់សាសន៍អ៊ីស្រាអែល ហើយពួកអេប្រាអិមជាកូនច្បងរបស់អញ។