21. ចូរធ្វើទីសំគាល់តាមផ្លូវ ហើយដោតដំរុយចុះ ចូរតាំងចិត្តដំរង់ទៅឯថ្នល់ គឺជាផ្លូវដែលឯងបានទៅតាមនោះ ឱព្រហ្មចារីនៃសាសន៍អ៊ីស្រាអែលអើយ ចូរវិលមកវិញ ចូរវិលមកឯទីក្រុងរបស់ឯងទាំងនេះចុះ
22. ឱកូនស្រីដែលរាថយអើយ ឯងនឹងនៅតែដើរសាត់អណ្តែត តើដល់កាលណាទៀត ដ្បិតព្រះយេហូវ៉ាទ្រង់បានបង្កើតការថ្មីនៅផែនដី គឺមនុស្សស្រីនឹងឡោមព័ទ្ធមនុស្សប្រុស។
23. ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា កាលណាអញនាំពួកគេ ដែលជាឈ្លើយមកវិញ នោះនៅក្នុងស្រុកយូដា ហើយអស់ទាំងទីក្រុងនៅស្រុកនោះ គេនឹងនិយាយពាក្យនេះឡើងជាថ្មីទៀត គឺថា ឱទីលំនៅនៃសេចក្តីសុចរិត ហើយភ្នំនៃសេចក្តីបរិសុទ្ធអើយ សូមព្រះយេហូវ៉ាប្រទានពរដល់ឯង
24. នោះពួកយូដា និងអស់អ្នកនៅទីក្រុងរបស់គេ គឺជាពួកអ្នកធ្វើស្រែចំការ ហើយពួកអ្នកដែលឃ្វាលហ្វូងសត្វដែរ គេនឹងនៅទីនោះ
25. ដ្បិតអញបានចំអែតព្រលឹងមនុស្សដែលល្វើយ ហើយឯព្រលឹងព្រួយលំបាក នោះអញបានឲ្យស្កប់ចិត្តឡើងវិញ
26. មកដល់ត្រឹមនេះ ខ្ញុំបានភ្ញាក់ដឹងខ្លួនឡើង ហើយមើល ការដេកលក់របស់ខ្ញុំបានផ្អែមឆ្ងាញ់ដល់ខ្ញុំណាស់
27. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងយកពូជមនុស្ស និងពូជសត្វព្រោះចុះក្នុងពួកវង្សអ៊ីស្រាអែល ហើយនឹងពួកវង្សយូដា
28. រួចដែលអញបានមើលគេ ដើម្បីនឹងដករំលើងកាច់បំបាក់ រំលំ បំផ្លាញហើយធ្វើទុក្ខជាយ៉ាងណា នោះអញនឹងមើលគេ ដើម្បីនឹងសង់គេឡើង ហើយដាំគេយ៉ាងនោះដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
29. នៅគ្រានោះ គេនឹងលែងនិយាយថា «ពួកឪពុក បានស៊ីផ្លែមានរសជូរ ហើយពួកកូន ក៏សង្កៀរធ្មេញ»
30. គឺគ្រប់គ្នានឹងត្រូវស្លាប់ ដោយព្រោះអំពើទុច្ចរិតរបស់គេរៀងខ្លួនវិញ ឯអស់អ្នកណាដែលស៊ីផ្លែមានរសជូរ គឺអ្នកនោះឯងដែលនឹងសង្កៀរធ្មេញទេ។
31. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នឹងមានគ្រាមកដល់ ដែលអញនឹងតាំងសញ្ញាថ្មី នឹងពួកវង្សអ៊ីស្រាអែល ហើយនឹងពួកវង្សយូដា
32. មិនមែនតាមសញ្ញាដែលអញបានតាំងនឹងពួកព្ធយុកោគេ នៅថ្ងៃដែលអញបានចាប់ដៃដឹកគេ ចេញពីស្រុកអេស៊ីព្ទមកនោះទេ ជាសេចក្តីសញ្ញាដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គេផ្តាច់ចេញហើយ ទោះបើអញជាប្ដីដល់គេក៏ដោយ
33. គឺព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា សេចក្តីសញ្ញាដែលអញនឹងតាំងចំពោះពួកវង្សអ៊ីស្រាអែល ក្នុងពេលក្រោយគ្រានោះ គឺយ៉ាងដូច្នេះ អញនឹងដាក់ក្រឹត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះអញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ