15. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា មានឮសូរសំឡេងនៅរ៉ាម៉ា ជាសូរទំនួញ និងសូរយំយ៉ាងជូរចត់ គឺនាងរ៉ាជែលយំនឹងកូននាង ហើយមិនព្រមកំសាន្តចិត្ត ពីដំណើរកូនសោះ ដ្បិតវាវិនាសបាត់ហើយ
16. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរទប់សំឡេងឯងមិនឲ្យយំ និងភ្នែកឯងមិនឲ្យហូរសស្រាក់ឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ការរបស់ឯងនឹងបានរង្វាន់ជាពិត ហើយវារាល់គ្នានឹងវិលមកពីស្រុករបស់ខ្មាំងសត្រូវវិញ
17. ព្រះយេហូវ៉ាទ្រង់ក៏មានព្រះបន្ទូលថា មានសេចក្តីសង្ឃឹមសំរាប់ចុងបំផុតរបស់ឯង កូនចៅឯងនឹងវិលមកឯព្រំដែនរបស់គេវិញ
18. ពិតប្រាកដជាអញបានឮពួកអេប្រាអិម កំពុងតែត្អូញត្អែរថា ទ្រង់បានវាយផ្ចាលទូលបង្គំ គឺទូលបង្គំត្រូវវាយពង្រាបដូចជាកូនគោដែលមិនធ្លាប់ទឹម សូមទ្រង់ទាញញាក់ទូលបង្គំមកវិញ នោះទូលបង្គំនឹងវិលបែរមកហើយ ដ្បិតគឺទ្រង់ហើយជាព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ
19. ក្រោយដែលទ្រង់បានទាញញាក់ទូលបង្គំមកវិញ នោះទូលបង្គំបានប្រែគំនិតឡើងជាពិត កាលទូលបង្គំបានទទួលសេចក្តីប្រៀនប្រដៅហើយ នោះក៏វាយទះភ្លៅខ្លួន ទូលបង្គំមានសេចក្តីខ្មាស អើ ក៏ជ្រប់មុខផង ពីព្រោះទូលបង្គំធន់រងសេចក្តីអាម៉ាស់ខ្មាសនៃវ័យនៅក្មេង
20. តើអេប្រាអិមជាកូនសំឡាញ់របស់អញឬ តើជាកូនសំណប់ឬអី ដ្បិតដែលអញនិយាយទាស់នឹងវាវេលាណា នោះអញក៏នឹករឭកដល់វានៅវេលានោះឯង ដូច្នេះ អញមានចិត្តរំជួលដល់វា ហើយនឹងអាណិតមេត្តាដល់វាជាមិនខាន នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
21. ចូរធ្វើទីសំគាល់តាមផ្លូវ ហើយដោតដំរុយចុះ ចូរតាំងចិត្តដំរង់ទៅឯថ្នល់ គឺជាផ្លូវដែលឯងបានទៅតាមនោះ ឱព្រហ្មចារីនៃសាសន៍អ៊ីស្រាអែលអើយ ចូរវិលមកវិញ ចូរវិលមកឯទីក្រុងរបស់ឯងទាំងនេះចុះ
22. ឱកូនស្រីដែលរាថយអើយ ឯងនឹងនៅតែដើរសាត់អណ្តែត តើដល់កាលណាទៀត ដ្បិតព្រះយេហូវ៉ាទ្រង់បានបង្កើតការថ្មីនៅផែនដី គឺមនុស្សស្រីនឹងឡោមព័ទ្ធមនុស្សប្រុស។
23. ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា កាលណាអញនាំពួកគេ ដែលជាឈ្លើយមកវិញ នោះនៅក្នុងស្រុកយូដា ហើយអស់ទាំងទីក្រុងនៅស្រុកនោះ គេនឹងនិយាយពាក្យនេះឡើងជាថ្មីទៀត គឺថា ឱទីលំនៅនៃសេចក្តីសុចរិត ហើយភ្នំនៃសេចក្តីបរិសុទ្ធអើយ សូមព្រះយេហូវ៉ាប្រទានពរដល់ឯង
24. នោះពួកយូដា និងអស់អ្នកនៅទីក្រុងរបស់គេ គឺជាពួកអ្នកធ្វើស្រែចំការ ហើយពួកអ្នកដែលឃ្វាលហ្វូងសត្វដែរ គេនឹងនៅទីនោះ
25. ដ្បិតអញបានចំអែតព្រលឹងមនុស្សដែលល្វើយ ហើយឯព្រលឹងព្រួយលំបាក នោះអញបានឲ្យស្កប់ចិត្តឡើងវិញ
26. មកដល់ត្រឹមនេះ ខ្ញុំបានភ្ញាក់ដឹងខ្លួនឡើង ហើយមើល ការដេកលក់របស់ខ្ញុំបានផ្អែមឆ្ងាញ់ដល់ខ្ញុំណាស់
27. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងយកពូជមនុស្ស និងពូជសត្វព្រោះចុះក្នុងពួកវង្សអ៊ីស្រាអែល ហើយនឹងពួកវង្សយូដា
28. រួចដែលអញបានមើលគេ ដើម្បីនឹងដករំលើងកាច់បំបាក់ រំលំ បំផ្លាញហើយធ្វើទុក្ខជាយ៉ាងណា នោះអញនឹងមើលគេ ដើម្បីនឹងសង់គេឡើង ហើយដាំគេយ៉ាងនោះដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
29. នៅគ្រានោះ គេនឹងលែងនិយាយថា «ពួកឪពុក បានស៊ីផ្លែមានរសជូរ ហើយពួកកូន ក៏សង្កៀរធ្មេញ»
30. គឺគ្រប់គ្នានឹងត្រូវស្លាប់ ដោយព្រោះអំពើទុច្ចរិតរបស់គេរៀងខ្លួនវិញ ឯអស់អ្នកណាដែលស៊ីផ្លែមានរសជូរ គឺអ្នកនោះឯងដែលនឹងសង្កៀរធ្មេញទេ។
31. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នឹងមានគ្រាមកដល់ ដែលអញនឹងតាំងសញ្ញាថ្មី នឹងពួកវង្សអ៊ីស្រាអែល ហើយនឹងពួកវង្សយូដា
32. មិនមែនតាមសញ្ញាដែលអញបានតាំងនឹងពួកព្ធយុកោគេ នៅថ្ងៃដែលអញបានចាប់ដៃដឹកគេ ចេញពីស្រុកអេស៊ីព្ទមកនោះទេ ជាសេចក្តីសញ្ញាដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គេផ្តាច់ចេញហើយ ទោះបើអញជាប្ដីដល់គេក៏ដោយ
33. គឺព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា សេចក្តីសញ្ញាដែលអញនឹងតាំងចំពោះពួកវង្សអ៊ីស្រាអែល ក្នុងពេលក្រោយគ្រានោះ គឺយ៉ាងដូច្នេះ អញនឹងដាក់ក្រឹត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះអញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ
34. រួចគេនឹងលែងបង្រៀនអ្នកជិតខាង ហើយនឹងបងប្អូនគេរៀងខ្លួនទៀតថា ចូរឲ្យស្គាល់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គេនឹងស្គាល់អញគ្រប់ៗគ្នា តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុតក្នុងពួកគេ ព្រោះអញនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយនឹងលែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ។
35. ឯព្រះ ដែលប្រទានព្រះអាទិត្យ សំរាប់ជាពន្លឺនៅពេលថ្ងៃ ហើយតាំងរបៀបនៃព្រះចន្ទ និងតារាទាំងប៉ុន្មានសំរាប់បំភ្លឺនៅពេលយប់ ជាព្រះដែលបណ្តាលឲ្យសមុទ្រកំរើកឡើង ដល់ម៉្លេះបានជាឮសន្ធឹករលក ដែលព្រះនាមទ្រង់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា