11. ពីព្រោះព្រះយេហូវ៉ាទ្រង់បានលោះយ៉ាកុបហើយ ទ្រង់បានដោះគេចេញពីកណ្តាប់ដៃនៃពួកអ្នកដែលខ្លាំងជាងខ្លួន
12. គេនឹងមក ហើយច្រៀងនៅលើទីខ្ពស់នៃភ្នំស៊ីយ៉ូន ហើយនឹងមកហូរហែ ដល់សេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា គឺមកដល់ស្រូវ ទឹកទំពាំងបាយជូរ ប្រេង និងកូនចៀម កូនគោ ពីហ្វូងសត្វ ហើយព្រលឹងគេនឹងបានដូចជាសួនច្បារ ដែលមានទឹកស្រោច នោះគេនឹងមិនមានសេចក្តីព្រួយទៀតឡើយ
13. គ្រានោះ នាងក្រមុំនឹងមានចិត្តរីករាយក្នុងការលោតកញ្ឆេង ព្រមទាំងពួកកំឡោះៗ និងពួកចាស់ៗទាំងអស់គ្នាផង ដ្បិតអញនឹងបំប្រែសេចក្តីសោកសៅរបស់គេទៅជាសេចក្តីអំណរវិញ ហើយកំសាន្តចិត្តគេ ព្រមទាំងឲ្យគេរីករាយចេញពីសេចក្តីទុក្ខព្រួយរបស់គេ
14. អញក៏នឹងចំអែតព្រលឹងនៃពួកសង្ឃ ដោយសេចក្តីបរិបូរ ហើយរាស្ត្រអញនឹងបានស្កប់ចិត្ត ដោយសេចក្តីសប្បុរសរបស់អញ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
15. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា មានឮសូរសំឡេងនៅរ៉ាម៉ា ជាសូរទំនួញ និងសូរយំយ៉ាងជូរចត់ គឺនាងរ៉ាជែលយំនឹងកូននាង ហើយមិនព្រមកំសាន្តចិត្ត ពីដំណើរកូនសោះ ដ្បិតវាវិនាសបាត់ហើយ
16. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរទប់សំឡេងឯងមិនឲ្យយំ និងភ្នែកឯងមិនឲ្យហូរសស្រាក់ឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ការរបស់ឯងនឹងបានរង្វាន់ជាពិត ហើយវារាល់គ្នានឹងវិលមកពីស្រុករបស់ខ្មាំងសត្រូវវិញ
17. ព្រះយេហូវ៉ាទ្រង់ក៏មានព្រះបន្ទូលថា មានសេចក្តីសង្ឃឹមសំរាប់ចុងបំផុតរបស់ឯង កូនចៅឯងនឹងវិលមកឯព្រំដែនរបស់គេវិញ
18. ពិតប្រាកដជាអញបានឮពួកអេប្រាអិម កំពុងតែត្អូញត្អែរថា ទ្រង់បានវាយផ្ចាលទូលបង្គំ គឺទូលបង្គំត្រូវវាយពង្រាបដូចជាកូនគោដែលមិនធ្លាប់ទឹម សូមទ្រង់ទាញញាក់ទូលបង្គំមកវិញ នោះទូលបង្គំនឹងវិលបែរមកហើយ ដ្បិតគឺទ្រង់ហើយជាព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ
19. ក្រោយដែលទ្រង់បានទាញញាក់ទូលបង្គំមកវិញ នោះទូលបង្គំបានប្រែគំនិតឡើងជាពិត កាលទូលបង្គំបានទទួលសេចក្តីប្រៀនប្រដៅហើយ នោះក៏វាយទះភ្លៅខ្លួន ទូលបង្គំមានសេចក្តីខ្មាស អើ ក៏ជ្រប់មុខផង ពីព្រោះទូលបង្គំធន់រងសេចក្តីអាម៉ាស់ខ្មាសនៃវ័យនៅក្មេង
20. តើអេប្រាអិមជាកូនសំឡាញ់របស់អញឬ តើជាកូនសំណប់ឬអី ដ្បិតដែលអញនិយាយទាស់នឹងវាវេលាណា នោះអញក៏នឹករឭកដល់វានៅវេលានោះឯង ដូច្នេះ អញមានចិត្តរំជួលដល់វា ហើយនឹងអាណិតមេត្តាដល់វាជាមិនខាន នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
21. ចូរធ្វើទីសំគាល់តាមផ្លូវ ហើយដោតដំរុយចុះ ចូរតាំងចិត្តដំរង់ទៅឯថ្នល់ គឺជាផ្លូវដែលឯងបានទៅតាមនោះ ឱព្រហ្មចារីនៃសាសន៍អ៊ីស្រាអែលអើយ ចូរវិលមកវិញ ចូរវិលមកឯទីក្រុងរបស់ឯងទាំងនេះចុះ
22. ឱកូនស្រីដែលរាថយអើយ ឯងនឹងនៅតែដើរសាត់អណ្តែត តើដល់កាលណាទៀត ដ្បិតព្រះយេហូវ៉ាទ្រង់បានបង្កើតការថ្មីនៅផែនដី គឺមនុស្សស្រីនឹងឡោមព័ទ្ធមនុស្សប្រុស។