12. ចូរទៅប្រកាសប្រាប់ពាក្យទាំងនេះទៅទិសខាងជើង ដោយពាក្យថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឱអ៊ីស្រាអែល ជាពួករាថយអើយ ចូរវិលមកវិញចុះ អញនឹងមិនបំភ័យឯងដោយទឹកមុខអញទេ ដ្បិតអញមានសេចក្តីមេត្តា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងមិនក្រោធជាដរាបឡើយ
13. ឲ្យឯងគ្រាន់តែទទួលព្រមថា ឯងមានសេចក្តីទុច្ចរិតមែនប៉ុណ្ណេះ ដោយបានរំលងនឹងព្រះយេហូវ៉ា ជាព្រះនៃឯង ហើយបានចែកអំពើគោរពរបស់ឯង ឲ្យសុសសាយទៅដល់ព្រះដទៃទាំងប៉ុន្មាន នៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចីផង តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នាមិនបានស្តាប់តាមអញសោះ
14. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱពួកក្មេងៗដែលរាថយអើយ ចូរវិលមកវិញចុះ ដ្បិតអញជាប្ដីដល់ឯងរាល់គ្នាហើយ នោះអញនឹងយកឯងរាល់គ្នា ម្នាក់ពីក្រុង១ ហើយ២នាក់ពីពូជអំបូរ១ នាំត្រឡប់ទៅឯក្រុងស៊ីយ៉ូនវិញ
15. រួចអញនឹងឲ្យឯងរាល់គ្នា មានអ្នកគ្រប់គ្រងដែលគាប់ចិត្តអញ ជាអ្នកដែលនឹងឃ្វាលឯងរាល់គ្នាដោយដំរិះ និងយោបល់
16. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅគ្រានោះ កាលណាឯងរាល់គ្នាបានចំរើនមានគ្នាច្រើនឡើងនៅក្នុងស្រុក នោះគេនឹងលែងចេញពាក្យថា ហឹបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ា ហឹបនោះក៏មិនដែលចូលក្នុងគំនិតគេ ហើយគេមិនដែលនឹកចាំ ឬរឭករក ក៏មិនដែលមានអ្នកណាធ្វើឡើងវិញ ដរាបតទៅ
17. នៅគ្រានោះ គេនឹងហៅក្រុងយេរូសាឡិមថា ជាបល្ល័ង្កនៃព្រះយេហូវ៉ា ហើយអស់ទាំងសាសន៍នឹងមូលគ្នា មកឯព្រះនាមនៃព្រះយេហូវ៉ា ក្នុងក្រុងយេរូសាឡិម គេនឹងមិនដើរតាមសេចក្តីរឹងចចេស នៃចិត្តអាក្រក់របស់គេទៀតឡើយ