1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា បើមនុស្សណាលះលែងប្រពន្ធ ហើយនាងបានចេញពីអ្នកនោះ ទៅធ្វើជាប្រពន្ធរបស់អ្នកដទៃណា នោះតើដែលត្រឡប់ទៅនៅជាមួយនឹងនាងនោះទៀតដែរឬ តើស្រុកយ៉ាងនោះមិនត្រូវអាប់ឱនជាខ្លាំងទេឬអី ឯឯងវិញ ឯងបានផិតអញដោយមានសហាយជាច្រើន ប៉ុន្តែចូរត្រឡប់មកឯអញវិញចុះ
2. ចូរងើបភ្នែកឡើងទៅឯទីខ្ពស់ទាំងប៉ុន្មាន ហើយមើលកន្លែងណា ដែលគេមិនបានដេកនឹងឯងនោះ គឺឯងបានអង្គុយចាំគេតាមផ្លូវ ដូចជាសាសន៍អារ៉ាប់នៅទីរហោស្ថានដែរ ហើយឯងបានធ្វើឲ្យស្រុកអាប់ឱនទៅ ដោយការកំផិត និងអំពើទុច្ចរិតរបស់ឯង
3. ហេតុនោះបានជាឥតមានភ្លៀង១មេៗឡើយ ហើយភ្លៀងចុងរដូវក៏គ្មានដែរ ម៉្លឹងហើយ គង់តែឯងនៅមានមុខងងើលដូចជាស្រីសំផឹងទៀត ឯងមិនព្រមអៀនខ្មាសសោះ
4. ឥឡូវនេះ តើឯងមិនចង់អំពាវនាវរកអញវិញទេឬអី ដោយថា ឱព្រះវរបិតានៃខ្ញុំម្ចាស់អើយ ទ្រង់ជាព្រះដ៏ដឹកនាំខ្ញុំម្ចាស់ពីកាលនៅក្មេង
5. តើទ្រង់នឹងនៅតែខ្ញាល់ជាដរាបឬ តើទ្រង់នឹងមានព្រះហឫទ័យក្តៅ ដរាបដល់ចុងបំផុតឬអី តែមើល ឯងបាននិយាយ ហើយប្រព្រឹត្តអំពើអាក្រក់តាមតែកំឡាំងចិត្តទេ។
6. មួយទៀត នៅក្នុងគ្រាស្តេចយ៉ូសៀស ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា តើបានឃើញការដែលអ៊ីស្រាអែល ជាពួករាថយនោះបានប្រព្រឹត្តឬទេ គឺគេបានឡើងទៅលើគ្រប់ទាំងភ្នំខ្ពស់ៗ និងនៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី ហើយបានប្រព្រឹត្តសេចក្តីកំផិតនៅទីនោះ
7. លុះក្រោយដែលគេបានប្រព្រឹត្តអំពើទាំងនោះហើយ នោះអញបាននិយាយថា ចូរឲ្យគេវិលត្រឡប់មកឯអញវិញ តែគេមិនបានវិលមកទេ ហើយយូដា ជាប្អូនគេ ដែលមានចិត្តក្បត់ក៏បានឃើញដែរ
8. ហើយអញបានឃើញថា ទោះបើអញបានលាកលែងអ៊ីស្រាអែលជាពួករាថយនោះ ព្រមទាំងឲ្យសំបុត្រលះលែងដល់គេហើយ ដោយព្រោះគេតែងប្រព្រឹត្តសេចក្តីកំផិតនោះ គង់តែយូដា ជាប្អូនគេ ដែលមានចិត្តក្បត់មិនបានខ្លាចដែរ គឺបានទៅប្រព្រឹត្តការកំផិតដូចគ្នា
9. ហើយស្រុកបានអាប់ឱនទៅ ដោយសព្ទរន្ទឺនៃការកំផិតរបស់គេ គឺបានប្រព្រឹត្តសេចក្តីកំផិតនឹងដុំថ្ម ហើយនឹងដុំឈើផង
10. ទោះបើមានយ៉ាងនោះក៏ដោយ គង់តែយូដាជាប្អូនគេ ដែលមានចិត្តក្បត់នោះ មិនបានវិលមកឯអញដោយអស់ពីចិត្តដែរ គឺមានពុតត្បុតវិញ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
11. ព្រះយេហូវ៉ាទ្រង់ក៏មានព្រះបន្ទូលមកខ្ញុំថា អ៊ីស្រាអែលជាពួករាថយនោះ គេបានសំដែងខ្លួនជាសុចរិត ជាជាងពួកយូដា ដែលមានចិត្តក្បត់នោះ ទៅទៀត
12. ចូរទៅប្រកាសប្រាប់ពាក្យទាំងនេះទៅទិសខាងជើង ដោយពាក្យថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឱអ៊ីស្រាអែល ជាពួករាថយអើយ ចូរវិលមកវិញចុះ អញនឹងមិនបំភ័យឯងដោយទឹកមុខអញទេ ដ្បិតអញមានសេចក្តីមេត្តា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងមិនក្រោធជាដរាបឡើយ