9. ដ្បិតគេទាយកុហកដល់ឯងរាល់គ្នា ដោយនូវឈ្មោះអញទេ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញមិនបានចាត់គេឡើយ
10. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ លុះកាលបានសំរេចគ្រប់៧០ឆ្នាំនៅស្រុកបាប៊ីឡូនហើយ នោះអញនឹងប្រោសឯងរាល់គ្នា ហើយនឹងធ្វើសំរេចដល់ឯងរាល់គ្នា តាមពាក្យល្អរបស់អញ ដោយធ្វើឲ្យឯងរាល់គ្នាវិលមកឯទីនេះវិញ
11. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញស្គាល់សេចក្តីដែលអញគិតពីដំណើរឯងរាល់គ្នា មិនមែនគិតធ្វើសេចក្តីអាក្រក់ទេ គឺគិតឲ្យបានសេចក្តីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យឯងរាល់គ្នាបានសេចក្តីសង្ឃឹម
12. នោះឯងរាល់គ្នានឹងអំពាវនាវដល់អញ ហើយនឹងទៅអធិស្ឋានដល់អញ រួចអញនឹងយល់ព្រមតាម
13. ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត
14. ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងឲ្យឯងរាល់គ្នារកអញឃើញ អញនឹងដោះឯងរាល់គ្នាឲ្យរួចពីសណ្ឋានជាឈ្លើយ ហើយនឹងប្រមូលឯងពីគ្រប់ទាំងសាសន៍ និងពីគ្រប់កន្លែងណាដែលអញបានបណ្តេញឯង នាំវិលត្រឡប់មកឯកន្លែងដែលអញបានឲ្យគេចាប់ទៅជាឈ្លើយនោះវិញ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
15. ហេតុដែលអ្នករាល់គ្នានិយាយថា ព្រះយេហូវ៉ាទ្រង់បានបង្កើតឲ្យយើងមានពួកហោរា នៅស្រុកបាប៊ីឡូននេះ
16. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ពីដំណើរស្តេចដែលគង់លើបល្ល័ង្ករបស់ដាវីឌ ហើយពីដំណើរជនទាំងឡាយដែលអាស្រ័យនៅទីក្រុងនេះ គឺជាបងប្អូនរបស់ឯងរាល់គ្នា ដែលមិនបានដឹកទៅជាឈ្លើយជាមួយនឹងឯងរាល់គ្នាទេ
17. ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា មើល អញនឹងចាត់ដាវ សេចក្តីអំណត់អត់ និងអាសន្នរោគមកលើគេ ហើយនឹងធ្វើឲ្យគេត្រឡប់ទៅដូចជាផ្លែល្វាអាក្រក់ ដែលបរិភោគមិនបាន
18. ហើយអញនឹងដេញតាមគេ ដោយដាវ អំណត់អត់ និងអាសន្នរោគ ព្រមទាំងប្រគល់គេទៅឲ្យត្រូវរសាត់អណ្តែត នៅកណ្តាលអស់ទាំងសាសន៍នៅផែនដី ឲ្យបានជាទីផ្តាសា ជាទីស្រឡាំងកាំង ហើយជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ និងជាទីត្មះតិះដៀលនៅកណ្តាលអស់ទាំងសាសន៍ ដែលអញនឹងបណ្តេញគេនោះ
19. គឺដោយព្រោះគេមិនបានស្តាប់តាមពាក្យអញ ដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានចាត់ពួកហោរា ជាអ្នកបំរើរបស់អញទៅឯគេ ព្រមទាំងក្រោកពីព្រលឹមស្រាង ដើម្បីនឹងចាត់គេផង តែឯងរាល់គ្នាមិនបានស្តាប់តាមសោះ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
20. ដូច្នេះ ឯងរាល់គ្នា ជាពួកឈ្លើយ ដែលអញបានបណ្តេញចេញពីក្រុងយេរូសាឡិម ទៅឯស្រុកបាប៊ីឡូនអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
21. ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលពីដំណើរអ័ហាប់ ជាកូនកូឡាយ៉ា និងសេដេគាជាកូនម្អាសេយ៉ា ដែលគេទាយជាសេចក្តីកុហកដល់ឯងរាល់គ្នា ដោយនូវព្រះនាមទ្រង់ គឺទ្រង់មានព្រះបន្ទូលថា មើលអញនឹងប្រគល់គេ ទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយស្តេចនោះនឹងសំឡាប់អ្នកទាំង២នោះនៅមុខឯងរាល់គ្នា
22. ហើយពួកឈ្លើយ ជាសាសន៍យូដា ដែលនៅក្រុងបាប៊ីឡូន នឹងយករឿងនោះប្រើជាពាក្យផ្តាសាដល់អ្នកដទៃថា សូមឲ្យព្រះយេហូវ៉ាធ្វើឲ្យឯងបានដូចជាសេដេគា និងអ័ហាប់ ដែលស្តេចបាប៊ីឡូនបានឆ្អើរនឹងភ្លើងនោះចុះ
23. ពីព្រោះគេបានប្រព្រឹត្តអំពើចំកួតក្នុងពួកអ៊ីស្រាអែល គេបានសហាយស្មន់នឹងប្រពន្ធរបស់អ្នកជិតខាង ហើយពោលពាក្យកុហក ដោយនូវឈ្មោះអញជាសេចក្តីដែលអញមិនបានបង្គាប់ដល់គេឡើយ ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គឺអញហើយដែលដឹង អញជាទីបន្ទាល់ពិត។