1. នេះឯងជាសេចក្តីចុះក្នុងសំបុត្រ ដែលហោរាយេរេមាបានផ្ញើពីក្រុងយេរូសាឡិម ទៅឯសំណល់ពួកចាស់ទុំ ក្នុងពួកដែលត្រូវដឹកទៅជាឈ្លើយ ហើយនឹងពួកសង្ឃ ពួកហោរា និងបណ្តាជនទាំងអស់ ដែលនេប៊ូក្នេសាបានដឹកជាឈ្លើយ ពីក្រុងយេរូសាឡិមទៅឯស្រុកបាប៊ីឡូន
2. គឺក្នុងគ្រាក្រោយដែលស្តេចយេកូនាស និងអគ្គមហេសី ពួកសេនាបតី ពួកចៅហ្វាយនៃស្រុកយូដា និងក្រុងយេរូសាឡិម ព្រមទាំងពួកជាងឈើ និងជាងដែក បានចេញពីក្រុងយេរូសាឡិមអស់ហើយ
3. លោកផ្ញើសំបុត្រនោះដោយសារដៃអេលាសារ ជាកូនសាផាន និងកេម៉ារា ជាកូនហ៊ីលគីយ៉ា ជាអ្នកដែលសេដេគា ស្តេចយូដាបានចាត់ទៅឯស្រុកបាប៊ីឡូន ដល់នេប៊ូក្នេសា ជាស្តេចស្រុកនោះថា
4. ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដល់ពួកឈ្លើយទាំងប៉ុន្មាន ដែលទ្រង់បានឲ្យគេដឹកជាឈ្លើយ ចេញពីក្រុងយេរូសាឡិម ទៅដល់ស្រុកបាប៊ីឡូនថា
5. ចូរឲ្យឯងរាល់គ្នាសង់ផ្ទះ ហើយអាស្រ័យនៅចុះ ចូរដាំដំណាំ ហើយស៊ីផលនោះទៅ
6. ចូរយកប្រពន្ធ ហើយបង្កើតកូនប្រុសកូនស្រី ព្រមទាំងរកប្រពន្ធឲ្យកូនប្រុសឯង ហើយលើកកូនស្រីរបស់ឯងឲ្យមានប្ដីផង ដើម្បីឲ្យបានបង្កើតកូនប្រុសកូនស្រីដែរ ចូរឲ្យចំរើនជាច្រើនឡើងនៅទីនោះ កុំឲ្យថយចំនួនឯងឡើយ
7. ចូរខំប្រឹងធ្វើឲ្យទីក្រុង ដែលអញបានឲ្យគេដឹកនាំឯងទៅនៅជាឈ្លើយនោះ បានសេចក្តីសុខ ហើយត្រូវអធិស្ឋានដល់ព្រះយេហូវ៉ាឲ្យទីនោះផង ដ្បិតក្នុងសេចក្តីសុខរបស់ក្រុងនោះ ឯងរាល់គ្នានឹងបានសេចក្តីសុខដែរ
8. ពីព្រោះព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានព្រះបន្ទូលដូច្នេះ កុំឲ្យពួកហោរា និងពួកគ្រូទាយរបស់ឯង ដែលនៅកណ្តាលពួកឯងរាល់គ្នាបញ្ឆោតឯងឡើយ ក៏កុំឲ្យស្តាប់តាមសប្តិរបស់ឯង ដែលឯងរាល់គ្នាបានយល់សប្តិនោះដែរ
9. ដ្បិតគេទាយកុហកដល់ឯងរាល់គ្នា ដោយនូវឈ្មោះអញទេ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញមិនបានចាត់គេឡើយ
10. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ លុះកាលបានសំរេចគ្រប់៧០ឆ្នាំនៅស្រុកបាប៊ីឡូនហើយ នោះអញនឹងប្រោសឯងរាល់គ្នា ហើយនឹងធ្វើសំរេចដល់ឯងរាល់គ្នា តាមពាក្យល្អរបស់អញ ដោយធ្វើឲ្យឯងរាល់គ្នាវិលមកឯទីនេះវិញ
11. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញស្គាល់សេចក្តីដែលអញគិតពីដំណើរឯងរាល់គ្នា មិនមែនគិតធ្វើសេចក្តីអាក្រក់ទេ គឺគិតឲ្យបានសេចក្តីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យឯងរាល់គ្នាបានសេចក្តីសង្ឃឹម
12. នោះឯងរាល់គ្នានឹងអំពាវនាវដល់អញ ហើយនឹងទៅអធិស្ឋានដល់អញ រួចអញនឹងយល់ព្រមតាម
13. ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត
14. ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងឲ្យឯងរាល់គ្នារកអញឃើញ អញនឹងដោះឯងរាល់គ្នាឲ្យរួចពីសណ្ឋានជាឈ្លើយ ហើយនឹងប្រមូលឯងពីគ្រប់ទាំងសាសន៍ និងពីគ្រប់កន្លែងណាដែលអញបានបណ្តេញឯង នាំវិលត្រឡប់មកឯកន្លែងដែលអញបានឲ្យគេចាប់ទៅជាឈ្លើយនោះវិញ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
15. ហេតុដែលអ្នករាល់គ្នានិយាយថា ព្រះយេហូវ៉ាទ្រង់បានបង្កើតឲ្យយើងមានពួកហោរា នៅស្រុកបាប៊ីឡូននេះ