1. លំដាប់នោះ ក្នុងឆ្នាំដដែល គឺនៅដើមរាជ្យនៃសេដេគា ស្តេចយូដា ក្នុងខែស្រាពណ៍ឆ្នាំទី៤ នោះហោរាហាណានា ជាកូនអ័ស៊ើរ ដែលនៅគីបៀន បាននិយាយនឹងខ្ញុំ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចំពោះពួកសង្ឃ និងបណ្តាជនថា
2. ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ អញបានបំបាក់នឹមរបស់ស្តេចបាប៊ីឡូនហើយ
3. នៅរវាងគំរប់២ឆ្នាំទៀត នោះអញនឹងនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា ដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានយកពីទីនេះទៅដល់ស្រុកបាប៊ីឡូន ត្រឡប់មកឯកន្លែងដើមវិញ
4. អញក៏នឹងនាំយេកូនាស ជាបុត្រយេហូយ៉ាគីមស្តេចយូដា និងពួកយូដាទាំងប៉ុន្មាន ដែលត្រូវដឹកនាំទៅជាឈ្លើយ ដល់ក្រុងបាប៊ីឡូន ឲ្យវិលមកឯទីនេះវិញដែរ ដ្បិតអញនឹងបំបាក់នឹមរបស់ស្តេចបាប៊ីឡូនពិត នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
5. រួចហោរាយេរេមា ក៏និយាយនឹងហាណានា នៅចំពោះពួកសង្ឃ និងបណ្តាជនដែលឈរនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា
6. គឺហោរាយេរេមានិយាយថា អាម៉ែន សូមឲ្យព្រះយេហូវ៉ាធ្វើដូច្នោះចុះ សូមឲ្យព្រះយេហូវ៉ាសំរេចតាមពាក្យដែលអ្នកបានទាយនោះ ដើម្បីនឹងនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា និងអស់អ្នកដែលត្រូវដឹកទៅជាឈ្លើយនោះ ឲ្យត្រឡប់មកពីក្រុងបាប៊ីឡូនដល់ទីនេះវិញ
7. ប៉ុន្តែចូរស្តាប់ពាក្យដែលខ្ញុំពោលនៅត្រចៀកអ្នក និងនៅត្រចៀករបស់បណ្តាជនទាំងនេះឥឡូវចុះ
8. ឯពួកហោរាកាលពីដើម ដែលនៅមុនខ្ញុំ ហើយនឹងអ្នក គេបានទាយទាស់នឹងស្រុកជាច្រើន ហើយទាស់នឹងនគរយ៉ាងធំ គឺទាយពីចំបាំង ពីការអាក្រក់ និងពីអាសន្នរោគផង
9. តែហោរាណាដែលទាយពីសន្តិសុខ បើកាលណាទំនាយរបស់ហោរានោះបានសំរេចហើយ នោះទើបនឹងស្គាល់ហោរានោះថា ព្រះយេហូវ៉ាបានចាត់ប្រើមកមែន
10. នោះហោរាហាណានា ក៏យកនឹមពីកហោរាយេរេមាទៅបំបាក់ចោល
11. រួចហាណានានិយាយចំពោះបណ្តាជនទាំងឡាយថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ គឺយ៉ាងនេះឯងដែលអញនឹងបំបាក់នឹមរបស់នេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ចេញពីកនៃអស់ទាំងសាសន៍ក្នុងរវាងគំរប់២ឆ្នាំទៅមុខនេះ នោះហោរាយេរេមាក៏ចេញទៅបាត់។
12. រួចមក ក្នុងពេលក្រោយដែលហោរាហាណានាបានបំបាក់នឹមពីកយេរេមាចេញហើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកថា