1. នៅដើមរាជ្យនៃសេដេគា ជាបុត្រយ៉ូសៀសស្តេចយូដា នោះព្រះបន្ទូលនេះបានមកពីព្រះយេហូវ៉ា ដល់យេរេមាថា
2. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំដូច្នេះ ចូរធ្វើនឹម និងខ្សែ ហើយពាក់នៅកឯង
3. លំដាប់នោះត្រូវផ្ញើទៅថ្វាយដល់ស្តេចសាសន៍អេដំម ស្តេចសាសន៍ម៉ូអាប់ ស្តេចពួកកូនចៅអាំម៉ូន ស្តេចក្រុងទីរ៉ុស និងស្តេចក្រុងស៊ីដូន ដោយដៃពួកទូតដែលមកដល់ក្រុងយេរូសាឡិម ដើម្បីគាល់សេដេគា ជាស្តេចយូដា
4. ព្រមទាំងផ្តាំឲ្យគេប្រាប់ដល់ចៅហ្វាយគេ ដោយពាក្យថា ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ចូរឲ្យអ្នករាល់គ្នាជំរាបដល់ចៅហ្វាយខ្លួនយ៉ាងនេះថា
5. អញបានបង្កើតផែនដី និងមនុស្ស ហើយសត្វដែលនៅលើផែនដីទាំងប៉ុន្មាន ដោយសារឫទ្ធិដ៏ធំ និងដៃលើកសំរេចរបស់អញ ក៏ប្រគល់ដល់អ្នកណាដែលអញគិតឃើញថាគួរ
6. ឥឡូវនេះ អញបានប្រគល់ស្រុកទាំងនេះទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបំរើរបស់អញហើយ ក៏បានឲ្យអស់ទាំងសត្វនៅវាល សំរាប់នឹងបំរើគេដែរ
7. សាសន៍ទាំងអស់នឹងបំរើស្តេចនោះ និងកូន ហើយនឹងចៅរបស់គេផង ដរាបដល់កំណត់នៃស្រុកគេ នោះសាសន៍ជាច្រើន ហើយស្តេចធំនឹងចាប់ស្តេចនោះប្រើជាបាវវិញ
8. រីឯសាសន៍ណា ឬនគរណា ដែលមិនព្រមបំរើនេប៊ូក្នេសា ជាស្តេចបាប៊ីឡូននេះ ហើយមិនព្រមឱនក ទទួលនឹមរបស់ស្តេចបាប៊ីឡូន នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងធ្វើទោសដល់សាសន៍នោះដោយដាវ អំណត់អត់ និងអាសន្នរោគ ទាល់តែអញបានឲ្យគេសូន្យបាត់ ដោយដៃរបស់ស្តេចនោះទៅ