5. ប្រយោជន៍នឹងស្តាប់តាមពាក្យរបស់ពួកហោរា ជាអ្នកបំរើរបស់អញ ដែលអញចាត់ឲ្យមកឯឯងរាល់គ្នា ដោយក្រោកពីព្រលឹមស្រាង និងចាត់គេផង តែឯងរាល់គ្នាមិនបានស្តាប់តាមសោះ
6. នោះអញនឹងធ្វើឲ្យវិហារនេះបានដូចជាស៊ីឡូរវិញ ហើយនឹងធ្វើឲ្យទីក្រុងនេះត្រឡប់ជាទីផ្តាសា ដល់អស់ទាំងសាសន៍នៅផែនដីផង
7. ឯពួកសង្ឃ ពួកហោរា និងបណ្តាជនទាំងឡាយ ក៏ឮយេរេមាប្រាប់ពាក្យទាំងនេះ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ។
8. លុះដល់យេរេមាបានប្រាប់គ្រប់ទាំងសេចក្តី ដែលព្រះយេហូវ៉ាបានបង្គាប់ ឲ្យលោកប្រាប់ដល់ជនទាំងឡាយរួចអស់ហើយ នោះពួកសង្ឃ និងពួកហោរា ហើយបណ្តាជនទាំងអស់ ក៏ចាប់លោកដោយពាក្យថា ឯងត្រូវស្លាប់ហើយ
9. ហេតុអ្វីបានជាឯងទាយដោយនូវព្រះនាមព្រះយេហូវ៉ាថា ព្រះវិហារនេះនឹងបានដូចជាស៊ីឡូរ ហើយទីក្រុងនេះនឹងត្រូវខូចបង់ ឥតមានអ្នកណានៅដូច្នេះ រួចប្រជាជនក៏មូលគ្នាមកព័ទ្ធជុំយេរេមា នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា។
10. កាលពួកចៅហ្វាយនៃស្រុកយូដា បានឮសេចក្តីទាំងនោះហើយ គេក៏ចេញពីដំណាក់ស្តេច ឡើងទៅឯព្រះវិហារនៃព្រះយេហូវ៉ា រួចអង្គុយចុះត្រង់ទ្វារថ្មីនៃព្រះវិហារព្រះយេហូវ៉ា
11. នោះពួកសង្ឃ និងពួកហោរា គេជំរាបដល់ពួកចៅហ្វាយ ហើយដល់ជនទាំងអស់ថា មនុស្សនេះគួរស្លាប់ហើយ ដ្បិតគេបានទាយទាស់នឹងក្រុងនេះ ដូចជាអស់លោកអ្នកបានឮដោយត្រចៀកស្រាប់
12. រួចយេរេមាលោកក៏ជំរាបដល់ពួកចៅហ្វាយ និងជនទាំងអស់ថា ព្រះយេហូវ៉ា ទ្រង់បានចាត់ខ្ញុំ ឲ្យមកទាយប្រាប់អស់ទាំងពាក្យដែលអ្នករាល់គ្នាបានឮ ទាស់នឹងព្រះវិហារ ហើយនឹងទីក្រុងនេះ
13. ដូច្នេះ ចូរកែផ្លូវ និងកិរិយារបស់អ្នករាល់គ្នាឥឡូវ ហើយស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ នោះព្រះយេហូវ៉ាទ្រង់នឹងប្រែគំនិតចេញពីសេចក្តីអាក្រក់ ដែលទ្រង់បានប្រកាសទាស់នឹងអ្នករាល់គ្នាវិញ
14. តែឯខ្លួនខ្ញុំនេះ ខ្ញុំនៅក្នុងកណ្តាប់ដៃនៃអ្នករាល់គ្នាហើយ ចូរធ្វើដល់ខ្ញុំតាមដែលអ្នករាល់គ្នាឃើញថាល្អ ហើយទៀងត្រង់ចុះ
15. ប៉ុន្តែត្រូវឲ្យដឹងពិតថា បើអ្នករាល់គ្នាសំឡាប់ខ្ញុំ នោះនឹងនាំឲ្យឈាមដែលឥតមានទោសប្រឡាក់លើខ្លួនអ្នករាល់គ្នា លើទីក្រុងនេះ និងពួកអ្នកដែលអាស្រ័យនៅផង ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រាប់ពាក្យទាំងនេះ នៅត្រចៀកអ្នករាល់គ្នាជាពិត។