1. កាលនៅដើមរាជ្យនៃយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចយូដា នោះព្រះបន្ទូលនេះបានមកពីព្រះយេហូវ៉ាថា
2. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលបង្គាប់ដូច្នេះ ចូរទៅឈរក្នុងទីលានព្រះវិហារនៃព្រះយេហូវ៉ាចុះ ហើយប្រាប់ដល់មនុស្សនៅអស់ទាំងទីក្រុងស្រុកយូដា ដែលមកថ្វាយបង្គំក្នុងព្រះវិហារនៃព្រះយេហូវ៉ា តាមគ្រប់ទាំងពាក្យដែលអញបង្គាប់ឲ្យឯងប្រាប់ដល់គេ កុំឲ្យបន្ថយពាក្យណាមួយឡើយ
3. ប្រហែលជាគេនឹងស្តាប់តាម ហើយបែរចេញពីផ្លូវអាក្រក់ដែលគេប្រព្រឹត្តរៀងខ្លួនទេដឹង ដើម្បីឲ្យអញបានប្រែគំនិតចេញពីការអាក្រក់ ដែលអញសំរេចនឹងធ្វើដល់គេ ដោយព្រោះអំពើអាក្រក់ដែលគេប្រព្រឹត្តនោះ
4. ត្រូវឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ បើឯងរាល់គ្នាមិនព្រមស្តាប់តាមអញ ដើម្បីនឹងដើរតាមច្បាប់ ដែលអញបានដាក់នៅមុខឯងរាល់គ្នា
5. ប្រយោជន៍នឹងស្តាប់តាមពាក្យរបស់ពួកហោរា ជាអ្នកបំរើរបស់អញ ដែលអញចាត់ឲ្យមកឯឯងរាល់គ្នា ដោយក្រោកពីព្រលឹមស្រាង និងចាត់គេផង តែឯងរាល់គ្នាមិនបានស្តាប់តាមសោះ
6. នោះអញនឹងធ្វើឲ្យវិហារនេះបានដូចជាស៊ីឡូរវិញ ហើយនឹងធ្វើឲ្យទីក្រុងនេះត្រឡប់ជាទីផ្តាសា ដល់អស់ទាំងសាសន៍នៅផែនដីផង
7. ឯពួកសង្ឃ ពួកហោរា និងបណ្តាជនទាំងឡាយ ក៏ឮយេរេមាប្រាប់ពាក្យទាំងនេះ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ។
8. លុះដល់យេរេមាបានប្រាប់គ្រប់ទាំងសេចក្តី ដែលព្រះយេហូវ៉ាបានបង្គាប់ ឲ្យលោកប្រាប់ដល់ជនទាំងឡាយរួចអស់ហើយ នោះពួកសង្ឃ និងពួកហោរា ហើយបណ្តាជនទាំងអស់ ក៏ចាប់លោកដោយពាក្យថា ឯងត្រូវស្លាប់ហើយ