យេរេមា 25:8-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ហេតុ​នោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ពាក្យ​អញ

9. នោះ​មើល អញ​នឹង​ចាត់​ទៅ​នាំ​យក​អស់​ទាំង​ពួក​គ្រួ​នៅ​ស្រុក​ខាង​ជើង និង​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បំរើ​របស់​អញ​មក ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​នាំ​គេ​មក​ទាស់​នឹង​ស្រុក​នេះ និង​ពួក​អ្នក​នៅ​ក្នុង​ស្រុក ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ផង អញ​នឹង​បំផ្លាញ​ពួក​ស្រុក​នេះ​អស់​រលីង ព្រម​ទាំង​ធ្វើ​ឲ្យ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ហើយ​ជា​ទី​ខូច​បង់​នៅ​អស់‌កល្ប‌ជានិច្ច

10. មួយ​ទៀត អញ​នឹង​បំបាត់​សំឡេង​អរ​សប្បាយ និង​សំឡេង​រីក‌រាយ សំឡេង​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី និង​សូរ​ត្បាល់​កិន ហើយ​ពន្លឺ​ចង្កៀង​ពី​ពួក​គេ​ចេញ

11. ដូច្នេះ ស្រុក​នេះ​ទាំង​មូល​នឹង​ទៅ​ជា​ស្ងាត់‌ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង​ផង សាសន៍​ទាំង​នេះ​នឹង​ត្រូវ​បំរើ​ស្តេច​បាប៊ីឡូន​អស់​៧០​ឆ្នាំ។

យេរេមា 25