15. ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានព្រះបន្ទូលមកខ្ញុំដូច្នេះថា ចូរយកពែងស្រាជាសេចក្តីឃោរឃៅនេះពីដៃអញទៅ ហើយបំផឹកអស់ទាំងសាសន៍ដែលអញចាត់ឯងឲ្យទៅនោះចុះ
16. គេនឹងផឹក ហើយនឹងដើរវិលវង់ទៅមក ហើយទៅជាឆ្កួតដោយព្រោះដាវ ដែលអញនឹងចាត់ទៅកណ្តាលពួកគេ
17. ដូច្នេះ ខ្ញុំក៏យកពែងនោះពីព្រះហស្តនៃព្រះយេហូវ៉ា ទៅបំផឹកអស់ទាំងសាសន៍ដែលព្រះយេហូវ៉ាបានចាត់ឲ្យខ្ញុំទៅនោះ
18. គឺក្រុងយេរូសាឡិម និងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ព្រមទាំងស្តេច និងពួកចៅហ្វាយរបស់គេផង ដើម្បីឲ្យគេទៅជាទីខូចបង់ ជាទីស្រឡាំងកាំង ជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ហើយជាទីផ្តាសាដូចជាសព្វថ្ងៃនេះ
19. និងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ពួកមហាតលិក និងពួកចៅហ្វាយ ហើយជនជាតិរបស់គេផង
20. អស់ទាំងសាសន៍លាយគ្នា ពួកស្តេចនៅស្រុកអ៊ូស និងអស់ទាំងស្តេចរបស់ស្រុកភីលីស្ទីន គឺក្រុងអាសកាឡូន ក្រុងកាសា ក្រុងអេក្រុន និងសំណល់នៃក្រុងអាសដូឌ
21. សាសន៍អេដំម សាសន៍ម៉ូអាប់ និងពួកកូនចៅអាំម៉ូន
22. អស់ទាំងស្តេចក្រុងទីរ៉ុស ស្តេចក្រុងស៊ីដូន និងស្តេចទាំងប៉ុន្មានដែលនៅកោះខាងនាយសមុទ្រ
23. ពួកដេដាន់ ពួកថេម៉ា និងពួកប៊ូស ហើយអស់ពួកអ្នកដែលកាត់ជ្រុងពុកចង្កា
24. អស់ទាំងស្តេចសាសន៍អារ៉ាប់ និងស្តេចនៃសាសន៍លាយគ្នា ដែលអាស្រ័យនៅទីរហោស្ថាន
25. ពួកស្តេចស៊ីមរី ស្តេចអេឡាំ និងអស់ទាំងស្តេចសាសន៍មេឌី
26. ស្តេចទាំងប៉ុន្មាននៃស្រុកខាងជើង ទាំងជិតទាំងឆ្ងាយជាមួយគ្នា ព្រមទាំងនគរទាំងអស់នៅក្នុងលោកីយ៍ ដែលនៅលើផែនដីផង រួចស្តេចសេសាកនឹងត្រូវផឹកជាខាងក្រោយបង្អស់។
27. ត្រូវឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ចូរផឹកចុះ ហើយឲ្យស្រវឹងផង ចូរក្អួតចេញ ហើយដួលចុះឥតដែលក្រោកឡើងវិញឡើយ ដោយព្រោះដាវដែលអញនឹងចាត់ទៅកណ្តាលពួកឯងរាល់គ្នា
28. បើកាលណាគេមិនព្រមផឹកពីពែងនៅដៃឯងទេ នោះត្រូវឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះ ត្រូវឲ្យឯងរាល់គ្នាផឹកជាពិត
29. ដ្បិតមើល អញចាប់តាំងធ្វើទោសដល់ទីក្រុង ដែលបានហៅតាមឈ្មោះអញ ដូច្នេះតើឯងរាល់គ្នានឹងរួចខ្លួនឥតមានទោសសោះបានឬ អញនឹងហៅឲ្យមានដាវមកលើគ្រប់ទាំងមនុស្សនៅផែនដី នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
30. ដូច្នេះ ចូរទាយអស់ទាំងពាក្យនេះ ទាស់នឹងគេហើយប្រាប់គេថា ព្រះយេហូវ៉ា ទ្រង់នឹងគ្រហឹមពីខាងលើ ហើយនឹងបព្ចោញព្រះសូរសៀងទ្រង់ ពីទីលំនៅបរិសុទ្ធរបស់ទ្រង់ ទ្រង់នឹងគ្រហឹមជាខ្លាំងក្រៃលែងទាស់នឹងក្រោលទ្រង់ ក៏នឹងស្រែកឡើងទាស់នឹងពួកអ្នកនៅផែនដីទាំងអស់ ដូចជាសំរែកនៃពួកអ្នកដែលជាន់ផ្លែទំពាំងបាយជូរ