7. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គឺហេតុនោះបានជាមានគ្រាមកដែលគេនឹងលែងស្បថថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់ ដែលទ្រង់បាននាំពួកកូនចៅអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទមក
8. គឺគេនឹងថា ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់ ដែលទ្រង់បាននាំពូជពង្សនៃអ៊ីស្រាអែលឡើងរួច ហើយដឹកនាំគេចេញពីស្រុកខាងជើង និងពីគ្រប់ទាំងស្រុកដែលអញបានបណ្តេញគេនោះវិញ នោះគេនឹងនៅក្នុងស្រុករបស់ខ្លួនគេតទៅ។
9. ពីដំណើរពួកហោរា។ចិត្តនៅក្នុងខ្លួនខ្ញុំត្រូវញាំញីហើយ អស់ទាំងឆ្អឹងខ្ញុំក៏ញ័រ ខ្ញុំដូចជាមនុស្សស្រវឹង គឺដូចជាមនុស្សដែលស្រាទំពាំងបាយជូរបានឈ្នះហើយ ដោយព្រោះព្រះយេហូវ៉ា ហើយដោយព្រោះព្រះបន្ទូលដ៏បរិសុទ្ធរបស់ទ្រង់
10. ដ្បិតស្រុកនេះមានពេញដោយមនុស្សដែលប្រព្រឹត្តកំផិត ហើយស្រុកក៏យំសោកដោយព្រោះសេចក្តីបណ្តាសា អស់ទាំងទីឃ្វាលសត្វ នៅទីរហោស្ថាន បានហួតហែងអស់ហើយ គេរត់តាមតែសេចក្តីអាក្រក់ ហើយគេប្រើអំណាចសំរាប់តែការទុច្ចរិតទេ
11. ដ្បិតទាំងហោរា និងសង្ឃផង សុទ្ធតែស្មោកគ្រោកទាំងអស់គ្នា អើ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានឃើញអំពើអាក្រក់របស់គេ នៅក្នុងព្រះវិហាររបស់អញផង
12. ហេតុនោះផ្លូវរបស់គេនឹងបានដូចជាកន្លែងរឥលនៅទីងងឹតដល់គេ គេនឹងត្រូវច្រានទៅ ហើយដួលចុះនៅទីនោះ ដ្បិតអញនឹងនាំសេចក្តីអាក្រក់មកលើគេ គឺជាឆ្នាំដែលត្រូវធ្វើទោសដល់គេ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
13. អញបានឃើញសេចក្តីចំកួតក្នុងពួកហោរា នៅក្រុងសាម៉ារីដែរ គេទាយទំនាយដោយសារព្រះបាល ក៏នាំពួកអ៊ីស្រាអែល ជារាស្ត្រអញឲ្យវង្វេងដែរ
14. ឯក្នុងពួកហោរានៅក្រុងយេរូសាឡិម នោះអញក៏ឃើញមានសេចក្តីគួរស្បើមណាស់ដែរ គេប្រព្រឹត្តសេចក្តីកំផិត ហើយដើរតាមតែសេចក្តីកំភូតទទេ គេចំរើនកំឡាំងដៃនៃពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ ដល់ម៉្លេះបានជាគ្មានអ្នកណាមួយវិលត្រឡប់ពីអំពើអាក្រក់របស់ខ្លួនឡើយ គេបានត្រឡប់ដូចជាក្រុងសូដុំមទាំងអស់គ្នា ពួកអ្នកនៅក្រុងនេះ ក៏ដូចជាក្រុងកូម៉ូរ៉ា ដល់អញហើយ
15. ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលពីដំណើរពួកហោរាដូច្នេះថា មើលអញនឹងចិញ្ចឹមគេដោយស្លែង ហើយនឹងឲ្យគេផឹកទឹកពុល ដ្បិតមានសេចក្តីល្មើសចំពោះព្រះ បានចេញពីពួកហោរានៅក្រុងយេរូសាឡិមទៅពេញក្នុងស្រុកហើយ។
16. ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា កុំឲ្យស្តាប់តាមពាក្យរបស់ហោរា ដែលគេទាយប្រាប់ឯងរាល់គ្នាឲ្យសោះ គេនាំឯងរាល់គ្នាឲ្យវង្វេងទេ គេសំដែងចេញតែពីការដែលគេនឹកឃើញក្នុងចិត្តខ្លួនគេ មិនមែនជាសេចក្តីដែលចេញពីព្រះឱស្ឋ នៃព្រះយេហូវ៉ាឡើយ
17. គេចេះតែប្រាប់ដល់ពួកអ្នកដែលមើលងាយអញថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងរាល់គ្នានឹងមានសន្តិសុខទេ ហើយក៏ប្រាប់ដល់ពួកអ្នកដែលប្រព្រឹត្តតាមតែសេចក្តីរឹងចចេសនៅក្នុងចិត្តថា នឹងគ្មានសេចក្តីអាក្រក់ណាកើតដល់ឯងរាល់គ្នាឡើយ
18. ដ្បិតតើអ្នកណាបានឈរក្នុងពួកប្រឹក្សានៃព្រះយេហូវ៉ា ឲ្យបានឃើញ ហើយឮព្រះបន្ទូលរបស់ទ្រង់ តើអ្នកណាបានប្រុងស្តាប់ ហើយឮព្រះបន្ទូលនៃទ្រង់
19. មើល ព្យុះសង្ឃរារបស់ព្រះយេហូវ៉ា គឺជាសេចក្តីក្រោធរបស់ទ្រង់ បានចេញទៅហើយ អើ ជាព្យុះកួចដែលនឹងធ្លាយមក លើក្បាលរបស់ពួកមនុស្សអាក្រក់
20. សេចក្តីខ្ញាល់របស់ព្រះយេហូវ៉ានឹងមិនវិលទៅវិញ ទាល់តែទ្រង់បានធ្វើសំរេច ហើយបានបង្ហើយតាមបំណងព្រះហឫទ័យទ្រង់ ឯជាន់ក្រោយ នោះឯងរាល់គ្នានឹងយល់ច្បាស់
21. អញមិនបានចាត់ប្រើពួកហោរាទាំងនេះទេ គង់តែគេបានរត់ទៅ អញមិនបាននិយាយនឹងគេសោះ គង់តែគេបានទាយ
22. ប៉ុន្តែបើគេបានគ្រាន់តែឈរនៅក្នុងពួកប្រឹក្សារបស់អញ នោះគេនឹងបានប្រាប់ឲ្យរាស្ត្រអញស្តាប់ពាក្យរបស់អញហើយ ព្រមទាំងបំបែរគេចេញពីផ្លូវអាក្រក់ និងពីអំពើដ៏លាមកដែលប្រព្រឹត្តរៀងខ្លួនផង។