14. ឯក្នុងពួកហោរានៅក្រុងយេរូសាឡិម នោះអញក៏ឃើញមានសេចក្តីគួរស្បើមណាស់ដែរ គេប្រព្រឹត្តសេចក្តីកំផិត ហើយដើរតាមតែសេចក្តីកំភូតទទេ គេចំរើនកំឡាំងដៃនៃពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ ដល់ម៉្លេះបានជាគ្មានអ្នកណាមួយវិលត្រឡប់ពីអំពើអាក្រក់របស់ខ្លួនឡើយ គេបានត្រឡប់ដូចជាក្រុងសូដុំមទាំងអស់គ្នា ពួកអ្នកនៅក្រុងនេះ ក៏ដូចជាក្រុងកូម៉ូរ៉ា ដល់អញហើយ
15. ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលពីដំណើរពួកហោរាដូច្នេះថា មើលអញនឹងចិញ្ចឹមគេដោយស្លែង ហើយនឹងឲ្យគេផឹកទឹកពុល ដ្បិតមានសេចក្តីល្មើសចំពោះព្រះ បានចេញពីពួកហោរានៅក្រុងយេរូសាឡិមទៅពេញក្នុងស្រុកហើយ។
16. ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា កុំឲ្យស្តាប់តាមពាក្យរបស់ហោរា ដែលគេទាយប្រាប់ឯងរាល់គ្នាឲ្យសោះ គេនាំឯងរាល់គ្នាឲ្យវង្វេងទេ គេសំដែងចេញតែពីការដែលគេនឹកឃើញក្នុងចិត្តខ្លួនគេ មិនមែនជាសេចក្តីដែលចេញពីព្រះឱស្ឋ នៃព្រះយេហូវ៉ាឡើយ
17. គេចេះតែប្រាប់ដល់ពួកអ្នកដែលមើលងាយអញថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងរាល់គ្នានឹងមានសន្តិសុខទេ ហើយក៏ប្រាប់ដល់ពួកអ្នកដែលប្រព្រឹត្តតាមតែសេចក្តីរឹងចចេសនៅក្នុងចិត្តថា នឹងគ្មានសេចក្តីអាក្រក់ណាកើតដល់ឯងរាល់គ្នាឡើយ
18. ដ្បិតតើអ្នកណាបានឈរក្នុងពួកប្រឹក្សានៃព្រះយេហូវ៉ា ឲ្យបានឃើញ ហើយឮព្រះបន្ទូលរបស់ទ្រង់ តើអ្នកណាបានប្រុងស្តាប់ ហើយឮព្រះបន្ទូលនៃទ្រង់
19. មើល ព្យុះសង្ឃរារបស់ព្រះយេហូវ៉ា គឺជាសេចក្តីក្រោធរបស់ទ្រង់ បានចេញទៅហើយ អើ ជាព្យុះកួចដែលនឹងធ្លាយមក លើក្បាលរបស់ពួកមនុស្សអាក្រក់
20. សេចក្តីខ្ញាល់របស់ព្រះយេហូវ៉ានឹងមិនវិលទៅវិញ ទាល់តែទ្រង់បានធ្វើសំរេច ហើយបានបង្ហើយតាមបំណងព្រះហឫទ័យទ្រង់ ឯជាន់ក្រោយ នោះឯងរាល់គ្នានឹងយល់ច្បាស់
21. អញមិនបានចាត់ប្រើពួកហោរាទាំងនេះទេ គង់តែគេបានរត់ទៅ អញមិនបាននិយាយនឹងគេសោះ គង់តែគេបានទាយ
22. ប៉ុន្តែបើគេបានគ្រាន់តែឈរនៅក្នុងពួកប្រឹក្សារបស់អញ នោះគេនឹងបានប្រាប់ឲ្យរាស្ត្រអញស្តាប់ពាក្យរបស់អញហើយ ព្រមទាំងបំបែរគេចេញពីផ្លូវអាក្រក់ និងពីអំពើដ៏លាមកដែលប្រព្រឹត្តរៀងខ្លួនផង។
23. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា តើអញជាព្រះដែលនៅឆ្ងាយ ឥតនៅជិតបង្កើយផងដែរឬអី
24. ព្រះយេហូវ៉ាទ្រង់សួរដូច្នេះទៀតថា តើមានអ្នកណានឹងពួនខ្លួននៅទីសំងាត់ឯណា ឲ្យអញមើលមិនឃើញបានឬ តើអញមិននៅពេញស្ថានសួគ៌ និងផែនដីផងទេឬអី នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
25. អញបានឮសេចក្តីដែលពួកហោរាប្រាប់ ជាពួកអ្នកដែលទាយកុហក ដោយនូវឈ្មោះអញថា ខ្ញុំបានយល់សប្តិ ឃើញដូច្នេះមួយៗ
26. សេចក្តីយ៉ាងនេះនឹងនៅក្នុងចិត្តនៃពួកហោរាដែលទាយកុហក ជាពួកអ្នកដែលបញ្ឆោតតាមសេចក្តីនៅក្នុងចិត្តខ្លួនគេ តើដល់កាលណាទៀត
27. គេគិតតែបណ្តាលឲ្យរាស្ត្រអញភ្លេចឈ្មោះអញ ដោយការយល់សប្តិរបស់គេ ដែលថ្លែងប្រាប់ដល់អ្នកជិតខាងគេរៀងខ្លួន ដូចជាពួកព្ធយុកោគេបានភ្លេចឈ្មោះអញ ឲ្យយកឈ្មោះព្រះបាលវិញដែរ
28. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯហោរាណាដែលយល់សប្តិឲ្យគេប្រាប់តាមសប្តិនោះចុះ ហើយហោរាណាដែលបានទទួលពាក្យអញ ត្រូវឲ្យអ្នកនោះប្រាប់ពាក្យអញ ដោយស្មោះត្រង់ទៅ តើចំបើងជាអ្វីចំពោះស្រូវ
29. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា ឯពាក្យរបស់អញ តើមិនមែនដូចជាភ្លើង ហើយដូចជាញញួរ ដែលបំបែកថ្មខ្ទេចខ្ទីទេឬអី